Ad Code

ភាពខ្លាំង​និង​មោទនភាព​របស់​កម្ពុជា គឺមាន​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​ដ៏​ឆ្នើម មិន​ចុះ​ញ៉ម​នឹង​ការដាក់​សម្ពាធ​ពី​បរទេស



ភ្នំពេញ​ ៖ កម្ពុជា​មាឌតូច​តែ​មាន​ចិត្តរឹង​ដូច​ដែក ហ៊ាន​ប្រឆាំង​នឹង​សម្ពាធ​បរទេស កម្ពុជា​ជា​ប្រទេស​ខ្លាំង​មួយ​នៅក្នុង​ក្រសែភ្នែក​របស់​បរទេស។ ភាព​ខ្លាំង​របស់​កម្ពុជា​ដែល​បរទេស​ឲ្យ​តម្លៃ​ខ្ពស់​នោះ​គឺ​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​ការ​ដាក់​សម្ពាធ​ពី​បរទេស​។​អ្វីដែល​កម្ពុជា​បាន​ប្រកាន់យក​គឺ​ភាពត្រឹមត្រូវ ស្របច្បាប់ ដូចនេះ​កម្ពុជា​មិនចាំបាច់ ត្រូវ​ខ្លាច​អ្នកណា​នោះទេ។

តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ព្រងើយកន្តើយ​នឹង​គំនាប​ឬ​សម្ពាធ​អន្តរជាតិ​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​?

យើង​អាច​ក្រឡេក​មើលទៅ​ប្រវត្តិសាស្ត្រ​កន្លងទៅ​ថ្មីៗ​បន្តិច មនុស្ស​មួយចំនួន​ដែលមាន​អាយុ​ចាប់ពី ៥០ឆ្នាំ ​ឡើង​ទៅ​អាច​ក្រឡេក​មើលទៅ​អតីតកាល​ឡើងវិញ​បន្តិច។ ក្រោយ​ការ​ដួលរលំ​នៃ​របប​ប៉ុលពត​ខ្មែរក្រហម​ឆ្នាំ​១៩៧៩, រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្តើម​កសាង​ប្រទេស​ពី​បាត​ដៃទទេ​សេដ្ឋកិច្ច កម្ពុជា​ចាប់ផ្តើម​ពី​សូន្យ​ក្រោយ​ឆ្នាំ ១៩៧៩ ជាមួយ​សេដ្ឋកិច្ច​ផែន។ រដ្ឋាភិបាល​កាលនោះ​ត្រដររស់​ដោយ​ខ្លួនឯង និង ត្រូវបាន​ជួយឧបត្ថម្ភ​គាំទ្រ​មួយ​ផ្នែក​ពី​ប្រទេស​ជា​មិត្ត​ក្នុង​ប្លុក​កុម្មុយនីស្ត ជាមួយ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​លោក​សេរី។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដៃ​ម្ខាង​កសាង​សេដ្ឋកិច្ច​ប្រទេស ដៃ​ម្ខាង​ទៀត​ការពារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​នៅពេល​នោះ​បាន​ខិតខំ​ជម្នះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ដើម្បី​ការ​រស់រានមានជីវិត​របស់​ប្រជាជន​និង​ប្រទេសជាតិ ដោយ​បាន​ខិតខំ​កសាង​សេដ្ឋកិច្ច​ពី​កម្រិត​សូន្យ​នៅ​ក្រោយ​ឆ្នាំ១៩៧៩ រហូត​ក្លាយជា​ប្រទេស​មួយ​មាន​ស្ថិរ​ភាពជា​បណ្តើៗ និង​មាន​កំណើនសេដ្ឋកិច្ច​ចាប់តាំងពី​ដើមឆ្នាំ ១៩៩៣ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​តំណាង​រាស្ត្រ​លើក​ទី​១ ដោយ​ប្រែក្លាយ​ពី​ប្រទេស​ទៅជា​ប្រទេស​ប្រកាន់​របប​ទីផ្សារសេរី​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ , សកម្មភាព​សេដ្ឋកិច្ច​មានការ​រីកចម្រើន វិស័យ​ឯកជន​បាន​ក្លាយជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច។

រាជរដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូលទៅក្នុង​សហគមន៍​តំបន់ និង ពិភពលោក និង​បាន​ពង្រីក​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ។ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបានធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​និង​ពិភពលោក​ហើយ​នយោបាយ​ការ​ទូត​ក៏​កាន់តែ​បើកទូលាយ​ធំ​ឡើង។ ក៏ប៉ុន្តែ​កម្ពុជា​នៅ​ពេល​នោះ​ក៏​ពុំ​ទាន់​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ ព្រោះ​អ៊ុនតាក់​ដែល​បាន​ចំណាយ​លុយ​អស់​២០០០​លាន​ដុល្លារ​ពុំបាន​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​នោះ​ទេ​ដោយ​បន្សល់ទុក​ឲ្យ​កម្ពុជា​ប្រទេស មួយ​មាន​តំបន់​ត្រួតត្រា​២។ នៅ​ឆ្នាំ​១៩៩៨, គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំទេច​អង្គការ​ចាត់តាំង​នៃ​របប​ប៉ុលពត​ទាំងស្រុង​ហើយ​ចាប់​ពី​ពេល​នោះ​មក​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ទូទាំង​ប្រទេស​។ នេះ​គឺជា​លើក​ទី​១​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព​ទាំងស្រុង ក្រោយ​ពេល​ដែល​ប្រទេស​នេះ​ត្រូវបាន​យាយី​ដោយ​សង្គ្រាមស៊ីវិល​អស់រ​យៈ​ពេល​ជាច្រើន​ទសវត្សរ៍​។

មកដល់​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​អាច​បន្ត​ទទួល​បាន​ជំនួយ​មនុស្សធម៌​ខ្លះ​, ជំនួយឥតសំណង​ខ្លះ​និង​កម្ចីសម្បទាន​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ តែ​ជំនួយ​មនុស្សធម៌​ឬ​ជំនួយឥតសំណង​ត្រូវ​បាន​កាត់បន្ថយ​បន្តិច​ម្តងៗ​ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ជា​លំដាប់​រហូត​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិត​ទាប ។ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​អភិវឌ្ឍន៍ និង ប្រាក់កម្ចី​ដែល​មាន​លក្ខណ​សម្បទាន ដើម្បី​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​ហក់​ឡើង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៥០។

នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ប្រទេស​ជប៉ុន និង ប្រទេស​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​ជំនួយឥតសំណង និង កម្ចីសម្បទាន សម្រាប់​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ជាច្រើន ។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង អាមេរិក​ដែល​ធ្លាប់​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក៏បាន​កាត់បន្ថយ​ជំនួយ​របស់ខ្លួន​ម្តងៗ​បន្តិច​ស្ទើរ​អស់។

ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧% ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ។ ការកាត់បន្ថយ​ភាព​ក្រីក្រ​ពី​៤៧% កាលពី​ឆ្នាំ​២០០៧ មក​នៅ​ត្រឹមតែ​ប្រមាណ​ជា ១៣.៥% កាលពី​ឆ្នាំ​២០១៤ និង បាន​បន្ត​ធ្លាក់​ក្នុង​រង្វង់​១ ភាគរយ​ជា​រៀងរាល់​ឆ្នាំ។ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់​បាន​កើន​ពី ១ ០៤២ ដុល្លារ ក្នុង​ឆ្នាំ ២០១៣ ដល់ ១.៤៣៥ ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ដល់​ប្រមាណ ១.៥៦០ដុល្លារ ក្នុង​ឆ្នាំ​២០១៨។ កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​នេះ​បាន​មក​ពី​ការ​វិនិយោគទុន​ក្នុងស្រុក និង អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​លើ​ទីផ្សារ​និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​បាន​ផ្លាស់ប្តូ​រកា​រវិ​និ​យោ គ​ក្នុងស្រុក​និង​តម្រូវការ​ក្នុងស្រុក​មាន​ទំហំ​ធំ​ជាង​មុន។



ចំណុច​ចុង​ក្រោយនេះ​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​កម្ពុជា​អាច​ឈរ​រស់​ដោយ​ខ្លួនឯង​និង​អាច​កាត់បន្ថយ​បន្តិច​ម្តងៗ​ពី​ការពឹងផ្អែក​ទាំងស្រុង​លើ​ទីផ្សារ​បរទេស​។ ដោយសារតែ​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ​ជាង​មុន ភូមិសាស្ត្រ​នយោបាយ​តំបន់​និង​ពិភពលោក​អំណោយផល​ផង​នោះ​ការ​គំរាម​ដាក់​សម្ពាធ​នយោបាយ និង សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​នានា​លែង​សូវ​មាន​ឥទ្ធិពល​មក​លើ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតហើយ​។

​នៅក្នុង​ស្ថានភាព​មួយឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​ជួបប្រទះ​បញ្ហា​នយោបាយ​មួយចំនួន រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បាន​អនុវត្ត​ច្បាប់​របស់​ប្រទេស ក្នុង​ការ​ប្រឆាំង​ទៅ​ទង្វើ​ក្បត់ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​តាមរយៈ​បដិវត្តន៍​ពណ៌។ ក៏ប៉ុន្តែ​ទង្វើ​ក្បត់ជាតិ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្ក្រាប​បាន​ទាន់​ពេល​វេលា។

គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលក្រម​តុលាការ​កំពូល​កាត់​ឲ្យ​រំលាយចោល​ជាមួយនឹង​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​អ្នកនយោបាយ​ប្រឆាំង​ផង​ដែរ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បរទេស​មួយចំនួន​បាន​ធ្វើ​ការរិះគន់ មក​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ការព្រមាន​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​យ៉ាងណាក៏ដោយ ក៏​គេ​មិន​បានឃើញ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ទន់ឥរិយាបទ​ទៅតាម​ការ​គំរាម​របស់​ពួក​បរទេស​ឡើយ។

ការ​មិន​បន្ទន់​ឥរិយាបថ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញថា សម្តេច ហ៊ុន សែន ចង់​ឈរ​ដោយ​ខ្លួនឯង។ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជាច្រើនលើក​ច្រើនសា​ហើយ​ថា សម្ពាធ​បរទេស​គ្មាន​ប្រសិទ្ធភាព​ឡើយ​ចំពោះ​រូបលោក​ព្រោះ លោក​ធ្លាប់​ដឹកនាំ និង​កសាង​ប្រទេស​ពី​បាត​ដៃទទេ​ក្រោយ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩​។

សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា «​សូម​ចាំ​ណា អ្វី​ក៏ដោយ កត្តា​កំណត់​នៅក្នុង​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ មិនមែន​កត្តា​កំណត់​លើ​ពួក​បរទេស​ទេ។ បើ​ស្ថិត​នៅលើ​បរទេស​ដដែល​ខ្មែរ​គឺជា​ឆ្កែ​សុទ្ធ​ដែល​ថា ណែ​! ដើរ​តាម​អញ​បាន​អញ​ទម្លាក់​ឆ្អឹង​ឱ្យ​ឯង​ស៊ី ។ ឯករាជ្យ អធិបតេយ្យភាព​របស់​ជាតិ​មួយ​គឺ​វា​មានតម្លៃ​ធំ​ណាស់ ។ កុំ​ធ្វើជា​សត្វ​ឆ្កែ​គ្រាន់តែ​ដើម្បី​ជាមួយនឹង​ឆ្អឹង ឬ​សាច់ ១ ដុំ វា​មិន​ថ្លៃថ្នូរ​ទេ ...»។

«​បើ​អ៊ីចឹង ដើម្បី​បាន​ជំនួយ​ទាល់តែ​ឱនក្បាល​ថា បាទៗ អ៊ីចឹង​ហើយ ជាតិ​មួយ​ធ្វើ​អ៊ីចឹង តើ​យើង​ទៅរួច​ទេ​។​សុំទោស​ខ្ញុំ​មិនអាច​តំណាង​ជាតិ​សាសន៍​មួយ​នេះ​ធ្វើ​អ៊ីចឹង​បានទេ​។​មិន​ថា បរទេស​ហ្នឹង​ជា​ប្រទេស​ណា​ទេ ខ្ញុំ​ធ្វើ​មិន​រួច​ដោយសារតែ​ខ្ញុំ​ស្អប់ខ្ពើម​នូវ​ការឈ្លានពាន​របស់​បរ​ទេស ដោយសារ​ឪពុក​ម្តាយ ជីដូន ជីតា ស្អប់ខ្ពើម​នូវ​ការឈ្លានពាន​របស់​បរ​ទេស​បំពាន​លើ​ឯករាជ្យ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នោះ​ហើយ បានជា​ប្រទេស​យើង​ត្រូវ​តស៊ូ​ងើបឈរ​ឡើង​ដើម្បី​ឯករាជ្យ​អធិបតេយ្យភាព​របស់​ជាតិ​»​។

បញ្ហា​មួយទៀត​នោះ គឺ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ រាល់​ការបោះឆ្នោត​សកល​ម្ដងៗ​កម្ពុជា​ជួបនឹង​យុទ្ធនាការ​ប្រឆាំង​របស់​បរទេស​ក្នុងទិសដៅ​ការពារ​គណបក្ស​ដែលជា​អាយ៉ង​របស់​គេ ក្នុង​រូបភាព​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​ក្នុង​វិស័យ​ផ្សេងៗ នោះ មិន​គិត​ពី​ព័ត៌មាន​ដែល​ផលិត​និង​ប្រឌិត​ដោយ​បរទេស​ក៏​ធ្វើ​យុទ្ធនាការ​ដ៏​សកម្ម​ផង​ដែរ។ ក៏ប៉ុន្តែ​ការ​ខិតខំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ទិស​ដៅ​រក្សា​អធិបតេយ្យភាព ប្រក្រតីភាព និង ភាព​ស្របច្បាប់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅតែ​ទទួល​បាន​គ្រប់​អាណត្តិ។



លទ្ធិប្រជាធិបតេយ្យ​គឺជា​អំណាច​និង​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​គឺ​មិនមែន​កម្មសិទ្ធិ​របស់​គ​ណ​បក្សនយោបាយ​ណាមួយ​នោះ​ឡើយ។ គណបក្ស​នយោបាយ​នឹង​ត្រូវ​បាន​រំលាយ​ដោយ​ស្របច្បាប់​តាមរយៈ​តុលាការ​កំពូល ក៏​ដូចគ្នា​នឹង​សំឡេង​សន្លឹកឆ្នោត​របស់​ប្រជារាស្ត្រ​រំលាយ​គណបក្សនយោបាយ​ណាមួយ​ដែរ។ កម្ពុជា​ដែលជា​ប្រទេស​មាន​អធិបតេយ្យភាព​មិនមាន​ក្តី​បារម្ភ​ឡើយ ហើយ​ជោគវាសនា​របស់​ប្រទេស​កម្ពុជា គឺ​ត្រូវ​សម្រេច​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់​មិនមែន​ប្រទេស​ដទៃ​ទេ​។

បរទេស​ជួយ​កម្ពុជា​ ឬ​ អត់​គឺ​អាស្រ័យ​លើ​បរទេស។ ពួកគេ​ចង់បាន​យ៉ាងម៉េច ប្រើ​ល្បិច​យ៉ាងម៉េច ឬក៏​មាន​ហេតុផល​ផ្សេង​គឺ​បរទេស​ខ្លួនឯង​ទេ​ជា​អ្នកធ្វើការ​សម្រេចចិត្ត​។ បរទេស​ជឿ​ឬ​មិន​ជឿ ប៉ុន្តែ​កម្ពុជា​គឺជា​រដ្ឋ​អធិបតេយ្យភាព​។ កម្ពុជា​គឺ​មិនបាន​រំលោភ​លើ​សន្ធិសញ្ញា ឬ​កតិកាសញ្ញា​ផ្សេងៗ របស់​អង្គការសហប្រជាជាតិ​នោះ​ទេ​ ហើយក៏​អត់​មានបាន​ល្មើស​លើ​កតិកាសញ្ញា​អង្គការសហប្រជាជាតិ​ណាមួយ​ឡើយ អញ្ចឹង​អ្នក​ប្រ​ព្រឹ​ត្ដ​ល្មើសច្បាប់​ត្រូវ​ទ​ទូល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ព្រោះ​វា​ជា​ច្បាប់​កម្ពុជា ហើយ​កម្ពុ​ជាមាន​ឯករាជ្យភាព អធិបតេយ្យ ហើយ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ។



ជំហរ​រឹងមាំ​របស់​សម្តេច ហ៊ុន សែន ចំពោះ​បស្ចឹម​ប្រទេស​មួយចំនួន​ត្រូវ​បាន​គេ​មើលឃើញថា ក៏​ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ធ្វើ​អ្វីដែល​ខុស ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ។ នៅក្នុង​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា ក៏​ត្រូវ​បាន​ប្រទេស​មួយចំនួន​បាន​ចេញមុខ​គាំទ្រ ដូចជា មហាអំណាច​សេដ្ឋកិច្ច​ចិន និង ប្រទេស​ធំៗ​មួយចំនួន​ផ្សេងទៀត ដូចជា​សហព័ន្ធ​រុស្ស៊ី និង ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក៏​ពុំបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​មក​លើ​កម្ពុជា​ឡើយ ទាំង​សេដ្ឋកិច្ច និង នយោបាយ​ការបរទេស។ ការ​គាំទ្រ​របស់​បរទេស វា​ជា​រឿង​មួយ តែ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាន់​ជំហរ​រឹងមាំ ក៏​ព្រោះតែ​កម្ពុជា ជា​ប្រទេស​មាន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ កម្ពុជា​មិនមែន​ជា​អាយ៉ង​របស់​ប្រទេស​ណាមួយ​ឡើយ។ កម្ពុជា​មិន​ចុះ​ញ៉ម​ ឬ​ ខ្លាច​ការ​កៀបសង្កត់​របស់​បរទេស​តាមរយៈ​ការ​ផ្ដាច់​ជំនួយ​ទេ ប៉ុន្តែ​ក្រុម​បរទេស​ទាំងនោះ​វិញ​ទេ​ដែល​កំពុង​បរាជ័យ​ក្នុង​ការដាក់​សម្ពាធមក​លើ​កម្ពុជា។ មជ្ឈដ្ឋាន​បរទេស​ទាំង​នោះ​ដែល​ធ្វើជា​មើល​មិន​ឃើញ​ទិដ្ឋភាព​នៅ​កម្ពុជា​កំពុង​ព្យាយាម​បិទបាំង​ការ​បរាជ័យ​របស់​ខ្លួន​បន្ត​រក​វិធី​ដាក់​ការ​កៀបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្រោម​លេស​រឹត​បន្តឹង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​តាមរយៈ​ការ​គំរាម​កាត់​ផ្ដាច់ជំនួយ​និង​វិធានការ​រឹត​បន្តឹង​ផ្សេងៗ​ដែលជា​ការជ្រៀតជ្រែក​យ៉ាង​កំរោល​មកលើ​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​អធិបតេយ្យ​មួយ។

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រដ្ឋ​អធិបតេយ្យ កម្ពុជា​មិនអាច​ឱនក្បាល​ទទួលយក​ការ​កៀបសង្កត់​ណាមួយ​ពី​ខាងក្រៅ​បាន​ឡើយ។ កម្ពុជា​តូច​ពិតតែ មានចិត្ត​រឹង​ដូច​ដែកថែប មិន​ចុះចាញ់​មិន​រាថយ ចំពោះ​ការប្រមាថ​របស់​បរទេស​ឡើយ។ ប្រជាជាតិ​ខ្មែរ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​មាន​ប្រមុខ​រាជរដ្ឋាភិបាល​ដ៏​ឆ្នើម​មិន​ចុះ​ញ៉ម​ជាមួយ​បរទេស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu