ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅចែករំលែកបទពិសោធន៍បាល់ទាត់ (Football Clinic) នៅទឹកដីខេត្តកំពត នៅថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ មុនបន្តបេសកម្មក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018) នៅថ្ងៃសុក្រ សប្ដាហ៍នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបជើងឯក៦សម័យកាលមួយនេះបានបញ្ជាក់ថា ក្រុមគ្រូបង្វឹក កីឡាករ ក៏ដូចជាបុគ្គលិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីចូលរួមកម្មវិធី Football Clinic ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន SCG។ ក្នុងដំណើរឆ្ពោះទៅកាន់ទឹកដីដ៏ស្រស់ស្អាតនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់បានចូលរួមចែករំលែកបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់នៅរោងចក្រក្រុមហ៊ុន SCG ផ្ទាល់តែម្តង។
ក្រុមភ្នំពេញក្រោន តែងតែធ្វើដំណើរទៅធ្វើ Football Clinic នៅតាមបណ្តាខេត្តនានាក្នុងពេលកន្លងទៅ ខណៈនេះជាលើកទីពីរហើយ ដែលក្លិបនៅរាជធានីភ្នំពេញ មួយនេះបានចូលរួមក្នុងកម្មវិធី Football Clinic ក្នុងខេត្តកំពត ដែលកាលពីលើកទីមួយធ្វើដំណើរទៅអំឡុងខែសីហា ឆ្នាំ២០១៧ កន្លងទៅដោយមានអ្នកចូលរួមចំនួនប្រមាណជាង ២០០នាក់។
ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Sean Sainsbury ជាគ្រូបង្វឹកជនជាតិអង់គ្លេស សំបូរទៅដោយកីឡាករវ័យក្មេងច្រើនអមដោយកីឡាករបរទេសដែលមានសមត្ថភាព។ ក្រុមនេះនៅតែជាបេក្ខភាពមួយក្នុងការប្រជែងយកពាននៅរដូវកាលនេះនិងជាពានលើកទី៧ប្រចាំក្លិបរបស់ខ្លួនផងដែរ។ ប្រកួតបាន១៤លើកមកនេះភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៥ មាន២១ពិន្ទុក្រោយឈ្នះបាន៦លើក ស្មើ៣លើក និងចាញ់៤លើក។
ភ្នំពេញក្រោន នៅសល់ពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងដៃ។ ភ្នំពេញក្រោន ត្រូវប៉ះក្រុមណាហ្គាវើល នៅសប្ដាហ៍ទី១៥ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ក្រោយលើកពេលកាលពីចុងសប្តាហ៍កន្លងទៅ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុម ចុងក្រោយវិញភ្នំពេញក្រោនត្រូវប៉ះក្រុមអង្គរថាយហ្គឺរ៕
Source: Kampuchea Thmey Daily
0 Comments