Ad Code

ក្រុម​ប្រឹក្សាឃុំ និង​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ក្រុម​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង​៥​បណ្តឹង



បាត់ដំបង​ ៖ រហូតមកដល់​ពេលនេះ ក្រុម​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​គេ​ស្គាល់​ថា ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង​បាន​ទទួលរង​បណ្តឹង​ចំនួន​៥ បណ្តឹង ពី​ក្រុមប្រឹក្សាឃុំ និង​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តបាត់ដំបង បន្ទាប់ពី​ពួកគេ​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ដើម្បី​ប្រឆាំង​ចំពោះ​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គលេខាធិការរង គ​.​ជ​.​ប​។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​កម្ពុ​ជាថ្មី​ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​ថា នៅ​ខេត្តបាត់ដំបង មាន​ករណី​ក្រុមប្រឹក្សាឃុំ​ប្តឹង​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែលមាន​៥​បណ្តឹង ហើយ​ឥឡូវនេះ ឃុំ​មាន​ផ្សះផ្សា​មិន​សះជា ហើយ​បណ្តឹង​បាន​មកដល់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បាត់ដំបង តែ​មិនទាន់​មកដល់ គ​.​ជ​.​ប នៅឡើយ​ទេ​។



តាម​ឯកសារ​ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​បញ្ជាក់​ថា នៅ​ខេត្តបាត់ដំបង​មាន​៥​បណ្តឹង ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​២​បណ្តឹង និង​ជំទប់​ទី​២ មាន​៣​បណ្តឹង​។ នៅក្នុង​ចំណោម​បណ្តឹង​ទាំងនោះ ឈ្មោះ ពី​វ ហួយ ជា​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តឹង​ឈ្មោះ ជា ជីវ ដោយហេតុថា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ឈ្មោះ ជា ជីវ ដែល​ជា​អតីត​ប្រធាន​គណបក្ស​ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង និង​បក្សពួក ជួបជុំគ្នា នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ជា​ផ្ទះ​របស់​ឈ្មោះ ជា ជីវ ដើម្បី​អនុវត្ត​យុទ្ធនាការ​ម្រាមដៃ​ស្អាត របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​។

តាម​ឯកសារ មិនបាន​បញ្ជាក់​ថា មានឈ្មោះ​អ្វីខ្លះ​ទៀត​ទេ ដែល​រង​បណ្តឹង ប៉ុន្តែ​តាម​អ្វីដែល​ការិយាល័យ​យើង​ទទួលបាន គឺមាន​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង​មួយរូប​ផងដែរ ហើយ​អ្នក​ដែល​សកម្ម​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ស ចាន់​ដេ​ត​។



យុទ្ធនាការ​ម្រាមដៃ​ស្អាត ត្រូវបាន​បានចាត់ទុក​ថា ជា​ការ​រារាំង​ដល់​ការបោះឆ្នោត ដែល​ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​ពី​៥​លាន ទៅ​២០​លាន​រៀល តាម​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ តាម​ព័ត៌មាន​មួយចំនួន​បាន​អះអាងថា ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​ខេត្តបាត់ដំបង បានដាក់​ពាក្យ​ប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​៣០​នាក់ ពីបទ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ​ផង​ដែរ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវ​បាន​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.​ប​) អះអាង​ថា លោក​នឹង​ពិ​និ​ត្យ​មើល​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu