ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ (Hun Sen Cup) វគ្គជម្រុះថ្នាក់ជាតិ ឆ្នាំ២០១៨ ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ៨ក្រុមចុងក្រោយរួចរាល់ហើយនៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ដើមសប្ដាហ៍នេះ។
ជាលទ្ធផលនៃការចាប់ឆ្នោតឃើញថា ក្រុមអង្គរថាយហ្គឺរ ត្រូវប៉ះក្រុមភ្នំពេញក្រោន ហើយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមខេត្តកោះកុង ឬសាលាបាល់ទាត់ជាតិបាទី ខណៈក្រុមក្រសួងការពារជាតិ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ប៉ះក្រុមណាហ្គាវើល។ វគ្គ៨ក្រុមចុងក្រោយនេះធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។
គិតត្រឹមពេលនេះ CNCC បានរកឃើញក្រុមខ្លាំងឡើងទៅលេងវគ្គ៨ក្រុមជាបន្តបណ្តើរៗហើយ ដោយក្នុងនោះមានក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ អង្គរថាយហ្គឺរនិងណាហ្គាវើល។ ចំណែក១ក្រុមទៀតកំពុងរង់ចាំអ៊ុតលទ្ធផលគូដែលនៅសល់ រវាងកោះកុង ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
ប្រកួតរវាងក្រុមខេត្តកោះកុង ប៉ះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបាន CNCC សម្រេចលើកពេលប្រកួតដោយហេតុផលសមាជិកភាគច្រើនរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាប់ប្រឡង។ ជាលទ្ធផលជំនួបរវាងក្រុមទាំង២ជើងទី១ ធ្វើនៅថ្ងៃទី២២ខែកក្កដា កន្លងទៅក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះក្រុមខេត្តកោះកុង ដោយលទ្ធផល ៤ទល់១។ ចំណែកប្រកួតក្នុងជើងទី២រវាងក្រុមទាំង២នឹង ប្តូរទៅធ្វើនៅខេត្តកោះកុង វិញនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ CNCC ពានរង្វាន់សម្តេចតេជោ ឆ្នាំនេះនឹងរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូល (វគ្គជម្រុះបឋម) និងជម្រុះចុងក្រោយ។
វគ្គជម្រុះតាមពូលថ្នាក់ខេត្តមានទាំងអស់២៧ក្រុមបែងចែកជា៥ពូល ជាលទ្ធផលក្រុមល្អជាងគេ ពីលេខ១ដល់លេខ៣ បូកទាំងក្រុមលេខ៤ល្អបំផុតក្នុងចំណោមពូលទាំង៥មានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកវគ្គជម្រុះជុំចុងក្រោយ យកក្រុមទាំង១៦ចាប់គូគ្នាប្រកួតជាបន្តបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុមខ្លាំងជាងគេ) មានឈ្មោះឡើងទៅប្រកួតដណ្តើមជើងឯកថ្នាក់ជាតិ (យុវជនសាលាបាល់ទាត់ជាតិឈ្នះជើងឯក)។ ចំណែកក្រុមខ្លាំងជាងគេទាំង៤មាន U18សាលាបាល់ទាត់ជាតិ គីរីវង់អែហ្វស៊ី កំពត និងកោះកុង។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិវិញ មានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជានៅរង់ចាំបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត។ ដោយចាប់ឆ្នោតរើសគូប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) ក្នុងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។ យ៉ាងណាក្តីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ទាំងក្នុងវគ្គជម្រុះជើងឯកថ្នាក់ខេត្តនិងវគ្គជម្រុះជើងឯកថ្នាក់ជាតិក្នុងពានរង្វាន់នេះ៕
Source: Kampuchea Thmey Daily
0 Comments