Ad Code

អាជ្ញាធរ​រាជធានី​ ខិតខំ​ប្រឹងប្រែង​ការពារ​ជូន​គណបក្ស​នយោបាយ​ទាំង​២០​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​មិន​រើសអើង



ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ បាន​ខិតខំ​ប្រឹងប្រែង​ការពារ គ្រប់​គណបក្ស​នយោបាយ​ទាំង​២០​ ក្នុង​ការ​ប្រកួតប្រជែង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ដោយ​មិន​រើសអើង​ឡើយ​។

ការ​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​នេះ របស់​លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​ និង ​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​លិច​នៅក្នុង​ភូមិដ្ឋាន​មួយចំនួន នៃ​អាណាចក្រ​ខណ្ឌ​ពោធិ៍​សែនជ័យ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៨។



លោក​អភិបាល​បាន​បន្ត​ថា រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​គណបក្ស​នយោបាយ​ទាំង​២០ ក៏ដូចជា​ប្រជាពលរដ្ឋ ឲ្យ​បាន​ល្អ​ប្រសើរ​។ នៅក្នុង​នោះ​យើង​បាន​ត្រៀមលក្ខណៈ​រួម​ជាស្រេច ប្រសិនបើ​គណបក្ស​នយោបាយ​ស្នើសុំ​មក​កងកម្លាំង​ប៉ូលិស ធ្វើការ​បើកផ្លូវ​សម្រាប់​ហែ​ក្បូន​ឃោសនា​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការ​ផ្តល់​ម៉ូតូ ឬ​រថយន្ត​ស៊ឺរ៉ែន​ជូន​ផង​ដែរ​។ ប៉ុន្តែ​នា​ពេល​កន្លង​មក​នេះ អត់​ទាន់​ឃើញ​មាន​គណបក្ស​នយោបាយ​ណាមួយ ត្រូវការ ម៉ូតូ ឬ​រថយន្ត​ស៊ឺរ៉ែន​សម្រាប់​ហែ​ក្បូន​ទេ។ ប៉ុន្តែ​អាជ្ញា​ធរមាន​កងកម្លាំង ជាពិសេស ម៉ូតូ​ប៉ូលិស​សម្រាប់​បើកផ្លូវ​ហែ​ក្បូន​ទោះបីជា​ពួកគាត់​សុំ ឬ​មិន​សុំ​ក្តី ហើយ​កងកម្លាំង​ត្រូវតែ​ការពារ​តាម​ដងផ្លូវ​ដែល​ពួកគាត់​ហែ​ក្បូន បាន​ល្អ​ប្រសើរ។ កុំ​ឲ្យ​មានការ​លើក​ឡើង​ថា អាជ្ញាធរ​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច​យើង មានការ​រើសអើង។



ក្នុងនាម​អាជ្ញាធរ យើង​មិនដែល​រើសអើង​អ្វី​នោះ​ទេ យើង​មានការ​ប្រុងប្រយ័ត្ន ដោយ​ទី​១ យើង​ដាក់​កម្លាំង​ការពារ ប៉ុន្តែ​កងកម្លាំង​នេះ​មិន​អនុញ្ញាត​ឲ្យ​ទៅ​ជិត​ពួកគាត់​ទេ ព្រោះ​កាលណា​ទៅ​ជិត ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ថា អាជ្ញាធរ​ដែនដី​ក៏ដូចជា​កងកម្លាំង​សមត្ថកិច្ច​មានការ​គំរាមកំហែង​ទៅលើ គណបក្ស​នយោបាយ​។

ដូច្នេះហើយ​បានជា​យើង​អត់​ហ៊ាន​ទៅ​ជិត​ពួកគាត់​ពេល​កំពុង​ហែ​ក្បូន។ ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​នយោបាយ​សុំ​កងកម្លាំង​អន្តរាគមន៍ យើង​នឹង​ផ្តល់​ជូន​ភ្លាមៗ ដោយ​រាប់ទាំង​ផ្នែក​សុខាភិបាល​ផងដែរ ដោយ​យើង​បាន​ដាក់​នៅ​តាម​ដងផ្លូវ ពោល​គឺ ប្រសិនបើ​ពួកគាត់ ជួប​នូវ​ឧប្បត្តិហេតុ​ផ្សេងៗ ឬក៏​ប្រជាពលរដ្ឋ​ដែល​ចូល​ដង្ហែ​ក្បូន​មាន​បញ្ហា​សុខភាព យើង​អាច​ជួយ​សង្គ្រោះ​ពួកគាត់​បាន​ភ្លាមៗ ដោយ​មិន​មានការ​រើសអើង​ឡើយ​ទោះបី​បក្ស​ណាក៏ដោយ។

លោក​អភិបាល ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដូចជា​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ត្រូវ​យល់​ឲ្យ​បាន​ជ្រួត​ជ្រាប​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​មាន​ការរើសអើង ជុំវិញ​ការ​ហែ​ក្បូន​របស់​គណបក្ស​នយោបាយ​នោះឡើយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu