Ad Code

លោក Pompeo ៖ សហរដ្ឋអាមេរិក​មិន​ខ្លាច​ដាក់ទណ្ឌកម្ម​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ទេ



លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​មិន​ខ្លាច​ដាក់ទណ្ឌកម្ម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​របស់​ប្រទេស​អ៊ីរ៉ង់​នោះទេ​។ នេះ​គឺជា​ការបន្ត​យុទ្ធសាស្ត្រ​មួយ​ដែលមាន​គោលបំណង​ឲ្យ​អ៊ីរ៉ង់​ធ្វើតាម​ការទាមទារ​របស់​សហរដ្ឋអាមេរិក។

បន្ទាប់ពី​ការដកខ្លួន​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានធ្វើ​ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​អឺរ៉ុប​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​មាន​ការភ្ញាក់ផ្អើល​នោះ លោក Pompeo កាលពី​ថ្ងៃទី​២១​ខែឧសភា​បាន​បញ្ចេញ “​យុទ្ធសាស្ដ្រ​ថ្មី​” ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បំពេញ​តាម​តម្រូវការ​ជាច្រើន​។​

លោក Pompeo បាន​និយាយ​ក្នុង​សុន្ទរកថា​ទៅកាន់​ជន​ជនជាតិ​ជ្វី​ហ្វ​អ៊ីរ៉ង់​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ថា “​យើង​មិន​ខ្លាច​ក្នុងការ​ដោះស្រាយ​ជាមួយ​របប​នេះ​ក្នុង​កម្រិត​ខ្ពស់​របស់ខ្លួន​នោះទេ​”​។ លោក​បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ការដាក់ទណ្ឌកម្ម​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​កា​លពី​ខែមករា​ប្រឆាំង​លោក Sadeq Larijani ដែលជា​ប្រធាន​តុលាការ​របស់​ប្រទេស​អ៊ីរ៉ង់​។​

លោក Pompeo ក៏បាន​បញ្ជាក់​ផងដែរ​ថា ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ប្រទេស​ទាំងអស់​កាត់បន្ថយ​ការ​នាំចូល​ប្រេង​របស់​អ៊ីរ៉ង់​ឲ្យ​បាន​ទាប​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​ត្រឹម​ថ្ងៃទី​៤​ខែ​វិ​ច្ឆ​កា​បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​។​

លោក Pompeo បាន​និយាយ​អំពី​ការពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ថា “​មាន​អ្វី​ជាច្រើន​ទៀត​ដែល​នឹង​កើតឡើង​”​។​

លោក Pompeo បាន​និយាយថា “​បណ្តា​មេដឹកនាំ​របស់​រដ្ឋាភិបាល​ជាពិសេស​អ្នក​ដែល​ស្ថិតនៅ​កំពូល​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដូចជា​លោក Qasem Soleimani ជាដើម​គឺ​ត្រូវតែ​ធ្វើ​ឲ្យ​មាន​ផលវិបាក​ដ៏​ឈឺចាប់​ដោយសារតែ​ការសម្រេចចិត្ត​ដ៏​អាក្រក់​របស់​ពួកគេ​”​។​

កាលពី​ថ្ងៃទី​៨​ខែឧសភា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​ទាំងអស់​ឡើងវិញ​ដែល​ត្រូវបាន​ដក​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ពហុភាគី​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Barack Obama ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​
កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​គឺជា​ការឆ្លើយតប​ទៅនឹង​ភាពភ័យខ្លាច​ថា អ៊ីរ៉ង់​កំពុង​បង្កើត​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu