Ad Code

ជំនួយការ​សន្តិសុខរ​ប​ស់លោក Macron ត្រូវបាន​ចោទប្រកាន់​ពីបទ​វាយ​ដុំ



អតីត​ជំនួយការ​សន្តិសុខ​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ត្រូវបាន​គេ​ចោទប្រកាន់​កាលពី​ថ្ងៃអាទិត្យ​រួមជាមួយ​បុគ្គលិក​ម្នាក់​នៃ​គណបក្សកាន់អំណាច​បន្ទាប់​ពី​ពួកគេ​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ​ ខណៈពេល​វាយ​ដុំ​បាតុករ​អំឡុង​ទិវា May Day​។ វីដេអូ​នោះបាន​បង្ក​ភាពល្បីល្បាញ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

នៅក្នុង​រឿងអាស្រូវ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​ដែល​បាន​បង្កបញ្ហា​ដល់​លោក Macron ចាប់តាំងពី​គាត់ ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន​មក​, រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា លោក Alexandre Benalla និង​លោក Vincent Crase ត្រូវបាន​ចោទប្រកាន់​ពីបទ “​អំពើ​ហឹ​ង្សា​ជា​ក្រុម​”​។​

ចំណែក មន្ត្រីប៉ូលិស​ជាន់ខ្ពស់​៣​នាក់​ដែល​ត្រូវបាន​បញ្ឈរជើង​រួចទៅហើយ​ដោយសារ​សង្ស័យ​ថា​ពួកគេ​បានផ្តល់​វីដេអូ​ទៅ​ឲ្យ​លោក Benalla ដោយ​ខុសច្បាប់​ដើម្បី​ជួយ​គាត់​ឲ្យ​បិទបាំង​រឿងនេះ​នោះ​គឺ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​រូបភាព​និង​រំលោភបំពាន​ការសម្ងាត់​វិជ្ជាជីវៈ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី​មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​អំពី​រឿងអាស្រូវ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៃ​រដ្ឋមន្ត្រី​កំពូលៗ​ក្នុង​វិមាន Elysee កាលពី​ល្ងាច​ថ្ងៃអាទិត្យ ជំនួយការ​ជិតស្និទ្ធ​មួយរូប​បាន​និយាយថា លោក Macron បានចាត់ទុក ការពិត​នៅក្នុង​ករណី​របស់លោក Benalla ថា​ជា “​រឿង​មិនអាច​ទទួលយកបាន​”​។ ប្រភព​នេះ​បាន​បន្ថែមថា លោក Macron នឹង​និយាយ​អំពី​បញ្ហា​នេះ​នៅពេលដែល​គាត់​គិតថា​វា​ចាំបាច់​។​

ការិយាល័យ​របស់លោក​ប្រធានាធិបតី​បាន​និយាយថា លោក Benalla ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅក្នុង​ខែឧសភា​ដោយ​ព្យួរការងារ​សកម្ម​រយៈ​ពេល​ពីរ​សប្តាហ៍​។ យ៉ាងណាក្តី លោក Benalla នៅតែ​បន្ត​លេចមុខ​នៅក្នុង​ព័ត៌មាន​លម្អិត​អំពី​សន្តិសុខ​របស់លោក Macron ។​

គណបក្សប្រឆាំង​បាន​ចោទប្រកាន់​លោក Macron ថា បាន​បិទបាំង​រឿង​របស់លោក Benalla ។​
​គួរបញ្ជាក់​ជាថ្មី​ថា លោក Benalla អាយុ​២៦​ឆ្នាំ​ត្រូវ​បានបញ្ចប់​តួនាទី​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​វីដេអូ​បាន​បង្ហាញថា គាត់​បាន​វាយ​បុរស​ម្នាក់​យ៉ាងហោចណាស់​២​ដង​ខណៈពេលដែល​ប៉ូលិស​បង្ក្រាប​កុបកម្ម​កំពុង​បំបែក​បាតុកម្ម​ទិវា May Day នៅក្នុង​ទីក្រុង​ប៉ារីស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu