Ad Code

កូនឈើ​បី​ប្រភេទ​ចំនួន​៣៥០​ដើម​​ ត្រូវ​យក​ទៅ​ដាំ​នៅ​ព្រលានយន្តហោះ



រតនគិរី ៖​ កូនឈើ​បី​ប្រភេទ​ចំនួន​៣៥០​ដើម​ ត្រូវបាន​សាលាក្រុង​បាន​លុង នាំយកទៅ ដាំ​លើ​ផ្ទៃដី​សងខាង​ព្រលានយន្តហោះ​ក្នុងឱកាស​ប្រារព្ធ​ធ្វើបុណ្យ​រុក្ខទិវា ៩​កក្កដា​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបភាព លោក ថង សាវុន អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

​លោក ថង សាវុន មានប្រសាសន៍ថា ពិធីបុណ្យ​រុក្ខទិវា​ឆ្នាំនេះ ខេត្ត​បាន​ឲ្យ​អាជ្ញាធរ​ស្រុក ក្រុង​ទាំង​៩ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ធ្វើ​ការដាំ​កូនឈើ​នៅលើ​ទីតាំង​ផ្ទៃដី​សមស្រប​តាម​បណ្តា​ស្រុក​ក្រុង​រៀងៗ​ខ្លួន​។​

​ជាក់ស្តែង​ថ្ងៃនេះ​អាជ្ញាធរ​ក្រុង​បាន​លុង​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​យុវជន​ស្រលាញ់​សន្តិភាព​ បាន​នាំយក​កូនឈើ បី​ប្រភេទ​រួមមាន កូនឈើ គគី​កូនឈើ​ត្របែកព្រៃ និង​កូនឈើ​លឿង​រាជ​ សរុប​ចំនួន​៣៥០​ដើម មក​ដាំ​នៅ​សងខាង​ព្រលាន​យន្តហោះ​ខេត្ត​ដើម្បី​លម្អ​សោភណភាព​ក្រុង ​ក៏ដូចជា​ប្រែក្លាយ​ទីក្រុង​បាន​លុង​អោយ​មាន​បៃតង។

លោក​អភិបាលខេត្ត​បន្តថា ការ​ចលនា​ដាំ​ដើមឈើ​នេះ​គឺ​អនុវត្ត​តាម​គោលនយោបាយ​កំណែទម្រង់​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការ​អភិរក្ស និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម​ឲ្យ​បាន​ប្រសើរ​ឡើង និង ប្រែក្លាយ​មូលដ្ឋាន​នីមួយៗ​ឲ្យ​មាន​ទេសភាព​ល្អ ប្រកប ដោយ​គម្រប​ពណ៌​បៃតង​ កាន់តែ​ស្រស់ត្រកាល​ឡើង៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu