Ad Code

ប៉ះ​ចំ​ថ្ងៃ​ស៊យ ឆក់​កាបូប​លុយ​បាន​ហើយ ​ទាក់​ដៃចង្កូត​ដួល​ប្រកាច់ប្រកិន​ម្ចាស់​ក្របួច​ជាប់



ភ្នំពេញ ៖ ចោរឆក់​កាបូប​លុយ​ចំនួន​ពីរ​នាក់ ​ត្រូវបាន​ជនរងគ្រោះ​ជា​ម្ចាស់​កាបូប​ចាប់​ក្របួច​ក​អាវ​ ខណៈ​ដែល​ពួកវា​ធ្វើ​សកម្មភាព​ឆក់​បាន​ហើយ ​តែ​ទាក់​ដៃ​ម៉ូតូ​ដួល​ប្រកាច់ប្រកិន។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា​ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២​ ខែកក្កដា​នេះ ​ជនរងគ្រោះ​ឈ្មោះ​ឆែម ម៉ាច ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៦ ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​ បាន​ជិះ​ម៉ូតូ​ជាមួយ​ប្តី​ និង​កូនស្រី​ អាយុ​២​ឆ្នាំ​ ចេញពី​កៀនស្វាយ​ឆ្ពោះទៅ​ផ្ទះ​ជួល​នៅ​ស្ទឹងមានជ័យ​ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១។ លុះ​មកដល់​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1I 2229 មកពី​ក្រោយ​អែប​ខាងឆ្វេង ​រួច​ឆក់​កាបូបស្ពាយ​ស្ត្រី​រងគ្រោះ​តែ​ចៃដន្យ​ពេល​ឆក់​បាន​ក៏​ស្រាប់តែ​ទាក់​ដៃ​ម៉ូតូ​ដួល​ប្រកាច់ប្រកិន​ ហើយ​ភ្លាមៗ​នោះ​ជនរង​គ្រោះជា​ប្តី​ព្រមទាំង​ប្រជាពលរដ្ឋ​នៅក្បែរ​ចំណុចកើតហេតុ​ជួយ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ភ្លាមៗ​។​

លោក​អធិការ​រង​បាន​បញ្ជាក់ថា​ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​គឺ​ទី​១​ឈ្មោះ ជាតិ ប្រុស ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ជា​អ្នក​ឆក់​ និង​ទី​២​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ សុខ សុភ័ក្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​ស្នាក់នៅ​ភូមិ​កំចាត់​ព្រាយ​ ឃុំ​ភ្នំ​បាត ​ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​ ខណៈ​ពេល​ដែល​នគរបាល​ត្រួតពិនិត្យ​ ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​រក​ឃើញ​ថ្នាំញៀន​មួយ​កញ្ចប់​ទៀត​ផង។

នេះ​ជា​បាបកម្ម​របស់​ចោរឆក់​ ដែល​ឆក់​កាបូប​បាន​ហើយ​ តែ​ចំ​ថ្ងៃ​ស៊យ​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​ប្រកាច់ប្រកិន​ខ្លួនឯង​ដោយ​ពុំចាំបាច់​ដេញចាប់​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​នេះ​ហើយ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu