រតនគិរី ៖ រថយន្តបាឡែន មួយគ្រឿងដឹកឈើប្រណិតលោតឆ័ត្រ ត្រូវបានកម្លាំងមេព្រៃចុះបង្ក្រាបនិងរឹបអូសទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខណៈដែលរថយន្តមួយគ្រឿងនេះ បានធ្វើចរាចរណ៍ចេញពីស្រុកកូនមុំ ឆ្ពោះចូលក្រុងបានលុង តាមបណ្តោយផ្លូវជាតិលេខ៧៨។
ការចុះបង្ក្រាបរថយន្តបាឡែនដឹកឈើខាងលើ ធ្វើឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែររង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។
លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងបានឲ្យដឹងថា មុនឈានទៅធ្វើការចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ ដោយទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានថា មានរថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខខាងមុខភ្នំពេញ 2B.3594 ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បង្ក្រាបភ្លាមៗតែម្តង។
លោកបន្តថា ជំនាញ បានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងប៉េអឹមខេត្ត និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត។ ក្រោយពីការចុះបង្ក្រាបរថយន្តដឹកឈើនេះដែរ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង។
ឈើទាំងនោះជាប្រភេទឈើកកោះ និងគគីរ មានមុខកាត់០.៣០សង់ទីម៉ែត្រ ប្រវែង៣ម៉ែត្រ ចំនួន៩សន្លឹក សមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments