Ad Code

ចេញពី​កន្លែង​វី​ង​ ត្រូវ​ចោរ​៤​នាក់ ​តាម​ឆក់​កាបូប​លុយ​តែ​មិនបាន​សម្រេច



ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​នៃ​អធិការ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ បន្ទាប់ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រវាត់​ចង្កេះ​តែ​មិនបាន​សម្រេច បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ត្រូវ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ព្យាយាម​ជិះ​រត់​គេច​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​កំពុង​ល្បាត​នៅក្បែរនោះ​ ចាប់​ក្របួច​ជាប់​ម្នាក់ ចំណែក​៣​នាក់​ទៀត​គេចខ្លួនបាត់។

​ករណី​ឃាត់ខ្លួន​ចោរឆក់​កាបូប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ចន្ទ ៤កើត ខែ​ទុតិមាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



​យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្តិ៍នគរបាល​ស្រះចក បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ រ័ត្ន សុគន្ធ​ណា​រាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ប្រើ​អំពើ​ហិង្សា​(​ឆក់​កាបូប​ក្រវាត់​ចង្កេះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​)។ វត្ថុ​តាង​ចាប់យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​Beat ព​ណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​1GT-3293 (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ ស្រីមុំ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​លេខ​៣៤​ផ្លូវជាតិ​លេខ​៥ ភូមិ​១៦​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​រងរបួស​នៅក្រោម​ក្លៀក​ខាងឆ្វេង​)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​គាត់​ចេញពី​កន្លែង​ដូរ​លុយ​wing​នៅ​ម្តុំ​ឫស្សី​កែវ​ក៏​ជិះ​ម៉ូតូ​តែម្នាក់ឯង​ ដាក់​លុយ​ក្នុង​កាបូប​ក្រវាត់​ចង្កេះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងមុខ​ម​ណ្ឌល​សុខភាព​ដូនពេញ​ក៏​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​អែប​ជនរងគ្រោះ​រួច​ក៏​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​ផ្តាច់​យក​កាបូប​ ពេលនោះ​ជនរងគ្រោះ​ក៏​ប្រទាញប្រទង់​ទៅវិញទៅមក​ ធ្វើ​ឲ្យ​ជនរងគ្រោះ​ និង ​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ​គាប់​ជន​ជនរងគ្រោះ​គាត់​ស្រែក​ឆោឡោ​ថា ​ចោរៗ​ផង​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ស្រះចក​ ជួយ​អន្ត​រាគ​មន៍​ចាប់បាន​ជនសង្ស័យ​ម្នាក់​ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ និង ​កាបូប​របស់​ជនរងគ្រោះ​មកវិញ​ផងដែរ​។ តែ​ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​គេចខ្លួនបាត់។បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu