Ad Code

រថយន្តបុក​ម៉ូតូ​លាន់​ដូច​រន្ទះ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​និង ​របួសធ្ងន់​ម្នាក់ ​នៅ​ស្រុក​មង្គល​បូរី​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​ បាន​កើត​ឡើង​រវាង​រថ​យន្ត​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​និង ​របួសធ្ងន់​ម្នាក់​ កាលពីវេលាម៉ោង​៨​និង​៣០​នាទី​ ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០១៨ តាម​បណ្តោយ​លេខ​៦៩​អា​ មុខ​ឡឥដ្ឋ​ ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆុន សុផាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​អ្នកបើកបរ​ម៉ូតូ​និង​ជនរងគ្រោះ​ដែល​របួសធ្ងន់​ឈ្មោះ រ៉ូ ង៉ា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ត្រូវជា​បងប្អូន​ជីដូនមួយ​រស់នៅ​ភូមិ​ពោធិ៍​រាង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ ជនរងគ្រោះ​២​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ ​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1N-3549 ដែល​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩​អា​ទិស​ដៅ​ពី​កើ​តទៅ​លិច​ ហើយ​មាន​រថយន្ត​ដែល​មិន​ស្គាល់​រថយន្ត​ធុន​តួ​រី​ស​កូរ៉េ​បាន​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​បាន​បុក​ជនរងគ្រោះ​ជិះម៉ូតូ​ពេញទំហឹង​បណ្តាល​ស្លាប់​ម្នាក់​ ដែល​ជា​អ្នក​បើក ​និង ​អ្នក​ជិះ​ពីក្រោយ​បណ្តាល​របួសធ្ងន់​ហើយ​រថយន្ត​បាន​គេច​ខ្លួន​បាត់។

ក្រោយពេល​គ្រោះថ្នាក់​ភ្លាមៗ​ឃើញ​មាន​មន្ត្រី​នគរបាល​ចរាចរ​ណ៍​ជើងគោក​ស្រុក​មង្គល​បូរី បាន​ចុះមក​ពិនិត្យ​វាស់វែង​ភ្លាមៗ​បាន​ហៅ​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ឃុំ​អូរ​ប្រាសាទ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ចំណែក​ជនរងគ្រោះ​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​រងគ្រោះ​វិញ​ផង​ដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu