ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា សេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសមួយចំនួន អាចធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងតាំងពីយូរមកហើយ និងបង្កើតឲ្យមានការសង្ស័យចំពោះភាពស្មោះត្រង់ពិតប្រាកដ ដែលថា ពួកគេចង់ឃើញប្រទេសកម្ពុជារីកចម្រើន ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរីករាយជាមួយសន្តិភាពដ៏យូរបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងការបរទេសលើកឡើងបែបនេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ និងជាការឆ្លើយតបសេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសមួយចំនួន ទាក់ទងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា។ តាមក្រសួងការបរទេស ការកត់សំគាល់មុនដំបូងបង្អស់ គឺបរិយាកាសពោរពេញដោយសន្តិភាព និងរីករាយ ទាំងនៅក្នុង យុទ្ធនាការរកសម្លេងឆ្នោត និងថ្ងៃបោះឆ្នោត។ គណបក្សនយោបាយទាំង២០គណបក្ស មានឱកាសធ្វើយុទ្ធនាការរកសម្លេងឆ្នោតរបស់ពួកគេរយៈពេល២០ថ្ងៃ ដោយគ្មានការរារាំងរំខាន និងមានសេរីភាពក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សខ្លួន ព្រមទាំងបានបញ្ចេញទស្សនៈរបស់ខ្លួនជាច្រើន ដែលមានទស្សនៈខ្លះបានធ្វើការរិះគន់យ៉ាងឥតសំចៃចំពោះរាជរដ្ឋាភិបាល។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការរកសម្លេងឆ្នោត យើងបានមើលឃើញផ្ទាល់ភ្នែកនូវការដង្ហែក្បួនរថយន្ត និងទោចក្រយានយន្តយ៉ាងវែង ដោយមានទាំងគ្រវីទង់ជាតិ ទង់បក្ស និងស្លាកបដានានា របស់គណបក្សនយោបាយផ្សេងៗ ខ្វាត់ខ្វែងពាសពេញរាជធានី ខេត្ត ដោយសន្តិវិធី និងគ្មានឧបទ្ទវហេតុអ្វីទាំងអស់។ នៅថ្ងៃបោះឆ្នោត យើងអាចមើលឃើញថា អ្នកទៅបោះឆ្នោតមានទឹកមុខញញឹមរីករាយ ឈរតម្រង់ជាជួរយ៉ាងវែងរួចជាស្រេច មុនការិយាល័យបោះឆ្នោតបើកទ្វារទៅទៀត។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មានការភ្ញាក់ផ្អើលទៅលើឥរិយាបថសាមញ្ញ និងមានសណ្តាប់ធ្នាប់របស់អ្នកបោះឆ្នោត។ គណៈប្រតិភូអ្នកសង្កេតការណ៍ បានទទួលស្គាល់ថា ដំណើរការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ខ្ពស់ ដោយមានមន្ត្រីបម្រើការបោះឆ្នោតជួយផ្ទៀងផ្ទាត់នៅពេលមានភាពមិនច្បាស់លាស់ណាមួយ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានមោទនភាពជាមួយទិដ្ឋភាពមន្ត្រីរៀបចំការបោះឆ្នោត ដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ សេចក្តីស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់លើការងារ រួមទាំងទិដ្ឋភាពអ្នកបោះឆ្នោតដែលមានភាពចាស់ទុំ។
យោងទៅលើសេចក្តីថ្លែងការណ៍របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលផ្សព្វផ្សាយជាសាធារណៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានការសរសើរ សម្រាប់ការបំពេញការងារប្រកបដោយវិជ្ជាជីវៈគួរកត់សម្គាល់ ដែលជួយធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។
ផ្អែកលើស្តង់ដារដែលអាចទទួលយកបានជាទូទៅ លក្ខណវិនិច្ឆ័យទីមួយសម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតនេះ គឺអត្រាអ្នកចូលរួមបោះឆ្នោត ធៀបនឹងចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត។ សម្រាប់ការបោះឆ្នោតលើកនេះ អ្នកទៅបោះឆ្នោតមានចំនួន៨២,៨៩ភាគរយ ដែលលើសចំនួនអ្នកទៅបោះឆ្នោតកាលពីឆ្នាំ២០១៣ (មានចំនួន៦៩,៦១ភាគរយ) និងឆ្នាំ២០០៨ (៧៥,២១ភាគរយ)។ អ្នកទៅបោះឆ្នោតដែលមានចំនួនច្រើនបែបនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋទៅលើដំណើរការបោះឆ្នោត និងគ.ជ.ប ដែលជាស្ថាប័នរៀបចំការបោះឆ្នោត។
ក្រសួងការបរទេសទាញចំណាប់អារម្មណ៍ថា ចំនួនអ្នកទៅចូលរួមបោះឆ្នោត គឺមានចំនួនច្រើនជាងចំនួនអ្នកទៅបោះឆ្នោតនៅក្នុងប្រទេសប្រជាធិបតេយ្យលោកខាងលិចមួយចំនួន រួមទាំងប្រទេសមួយចំនួនដែលកំពុងតែរិះគន់យ៉ាងធ្ងន់ធ្ងរមកលើការបោះឆ្នោតរបស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ។ មានអ្នកវិភាគនយោបាយមួយចំនួនយល់ឃើញថា អត្រាអ្នកទៅបោះឆ្នោតដ៏ច្រើនបែបនេះ គឺជាការបដិសេធទាំងស្រុងចំពោះការអំពាវនាវឲ្យធ្វើពហិការ ដោយអ្នកនយោបាយប្រឆាំងមួយចំនួន និងរដ្ឋាភិបាលបរទេស ដែលគាំទ្រពួកគេ។
ក្រសួងការបរទេសលើកឡើងទៀតថា លក្ខណៈវិនិច្ឆ័យទីពីរសម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតនេះ គឺពហុភាពនៃការផ្តល់ជូនផ្នែកនយោបាយ ឬបើនិយាយបែបផ្សេង ថាតើប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមានជម្រើសផ្សេងៗ ឬទេ? អ្នកសង្កេតការណ៍ដែលបានទៅដល់ទីតាំងជាក់ស្តែង អាចធ្វើការបញ្ជាក់បានថា មានថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនបានប្រឆាំងយ៉ាងពិតប្រាកដ ទៅនឹងគោលនយោបាយរបស់គណបក្សកាន់អំណាច។ មានការរៀបចំវេទិកាជជែកវែកញែកនយោបាយជាសាធារណៈរវាងបេក្ខភាពគណបក្សនយោបាយ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន។ មិនដូចនៅក្នុងអតីតកាល ការជជែកពិភាក្សាទាំងអស់នោះ ត្រូវបានធ្វើឡើងតាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាដោយសេចក្តីថ្លៃថ្នូរ និងមិនប្រើភាសាអសុរោះ មិនញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ មិនប្រើប្រាស់វោហារស័ព្ទប្រជាបាយនិយម និងជាតិនិយមជ្រុល។ វាជាលើកដំបូងដែលប្រជាពលរដ្ឋកម្ពុជាបានបង្ហាញពីប្រជាធិបតេយ្យពិតប្រាកដ និងការជជែកពិភាក្សាដែលប្រកបដោយសុភវិនិច្ឆ័យទៅលើការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ ស្ថាប័ន និងបញ្ហាសង្គមដែលប៉ះពាល់មកលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ជាជាងការនិយាយបញ្ឆេះកំហឹងក្នុងអតីតកាលតែអំពីប្រទេសវៀតណាម និងជនជាតិវៀតណាម។
អ្នកបោះឆ្នោតកម្ពុជាជិត៧លាននាក់ បានធ្វើការជ្រើសរើសរបស់ខ្លួន ហើយគ្រប់គ្នាដាច់ខាតត្រូវគោរពការជ្រើសរើសនេះ ទោះបីជាប្រជាជនកម្ពុជា ឬជនបរទេស ជនសាមញ្ញ អ្នកសារព័ត៌មាន សកម្មជន ឬក៏អ្នកការទូត។ វាជាការជ្រើសរើសរបស់ជាតិខ្មែរ ហើយវាគឺជាអធិបតេយ្យភាពជាតិ ដែលត្រូវតែគោរព។
គួរកត់សម្គាល់ថា មានអ្នកសង្កេតការណ៍អន្តរជាតិចំនួន២២០នាក់ មកពី៥២ប្រទេស ដែលក្នុងនោះអ្នកសង្កេតការណ៍មួយចំនួនមកពីស្ថាប័នអន្តរជាតិ ដូចជា៖ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី សន្និបាតសភាអាស៊ី សន្និបាតអន្តរសភាអាស៊ាន ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងអន្តរជាតិ ដែលបានអញ្ជើញមកធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិភាពរបស់កម្ពុជា ដោយមិនទាន់រាប់បញ្ចូលអ្នកសង្កេតការណ៍របស់គណបក្សនយោបាយនានា ចំនួនប្រមាណជិត៩០.០០០នាក់ ហើយនិងប្រមាណ៨០.០០០នាក់ផ្សេងទៀត មកពីសមាគម និងអង្គការជាតិនានា។
ជាមួយគ្នានោះ ក្រសួងការបរទេស “មានការសោកស្តាយចំពោះការវាយតម្លៃដោយមូលហេតុនយោបាយ របស់រដ្ឋាភិបាលបរទេសមួយចំនួន ដែលបានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ ប៉ុន្តែបែរជាប្រកាសតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។ ការមិនអើពើទៅដល់គុណភាពបច្ចេកទេសនៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសម្តែងចេញតាមរយៈសន្លឹកឆ្នោតចំនួន៦.៩៤៦.១៦៤ សន្លឹក។ ឥរិយាបថបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងតាំងពីយូរមកហើយ និងបង្កើតឲ្យមានការសង្ស័យចំពោះភាពស្មោះត្រង់ពិតប្រាកដ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យឥតងាកក្រោយ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរីករាយជាមួយនឹង “សន្តិភាពដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប” និងការអភិវឌ្ឍប្រកបដោយចីរភាពដ៏ឋិតថេរ៕
Source: Kampuchea Thmey Daily
0 Comments