ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៦សម័យកាល បានប្រកាសបបួលអ្នកគាំទ្ររបស់ខ្លួន ទៅគាំទ្រលើកទ័ពទៅគាំទ្រការប្រកួតដល់ខេត្តសៀមរាប នៅថ្ងៃពុធនេះ ដើម្បីលើកទឹកចិត្តក្រុមពេលប៉ះជាមួយក្រុមអង្គរថាយហ្គឺរ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ឆ្នាំ២០១៨។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា គ្រាន់តែចំណាយទឹកប្រាក់៤ម៉ឺនរៀល (១០ដុល្លារអាមេរិក) ម្នាក់ប៉ុណ្ណោះ នោះអ្នកគាំទ្រគ្រប់រូបនឹងទទួលបានការធ្វើដំណើរទាំងទៅទាំងមក,អាហារសម្រន់ ក៏ដូចជាសំបុត្រទស្សនាការប្រកួត។ តាមគម្រោងរថយន្តចេញដំណើរពីរាជធានីភ្នំពេញទៅខេត្តសៀមរាបនៅម៉ោង៦ព្រឹក ខណៈនៅម៉ោង១២ថ្ងៃត្រង់នឹងដល់គោលដៅព្រមទាំងបរិភោគអាហាររួមគ្នា។ នៅម៉ោង២និង៣០នាទីចេញដំណើរទៅទៅកាន់កីឡដ្ឋានខេត្តសៀមរាប និងម៉ោង៦ល្ងាច ត្រឡប់ដំណើរមករាជធានីភ្នំពេញ វិញដោយនឹងដល់គោលដៅនៅម៉ោង១១ឬ១២យប់។
សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមភ្នំពេញក្រោន ជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ នឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃពុធ នេះលើទីលានកីឡដ្ឋានខេត្តសៀមរាប។ សម្រាប់អ្នកគាំទ្រណាដែលចាប់អារម្មណ៍ជាមួយនឹងកម្មវិធីពិសេសរបស់ក្លិបភ្នំពេញក្រោន នេះសូមទាក់ទងតាមលេខ០៩៦ ៤២១ ៥៥៤៥។ កន្លងមកក្រុមភ្នំពេញក្រោន តែងតែនាំអ្នកគាំទ្ររបស់ខ្លួនធ្វើដំណើរទៅលើកទឹកចិត្តកីឡាករដល់ខេត្តស្វាយរៀង និងចុះធ្វើសកម្មភាពបង្ហាត់បាល់ទាត់ដល់ក្រុមយុវជននៅតាមបណ្តាខេត្តនានាដូចជាកោះកុង តាកែវ និងកំពត ជាដើម។
នេះជាដំណើរលើកទី៣របស់ក្រុមភ្នំពេញក្រោន ហើយដែលចេញទៅប្រកួតលើទឹកដីអង្គរវត្តនេះប្រចាំឆ្នាំ២០១៨ ខណៈ២លើកកន្លងមកធ្លាប់បានចេញទៅប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ហើយឈ្នះទាំង២លើក ដោយក្នុងនោះបានឈ្នះក្រុមអង្គរថាយហ្គឺរក្នុងលទ្ធផល ៥-២ និងយកឈ្នះក្រុមសូទីឡូអង្គរក្នុងលទ្ធផល២-១៕
Source: Kampuchea Thmey Daily
0 Comments