Ad Code

មន្ត្រី​អាជ្ញាកណ្ដាល​២​នាក់​ កំពុង​ដឹកនាំ​ក្នុង​ប្រកួត​ពានរង្វាន់ AFF U16 Championship នៅ​ឥណ្ឌូណេស៊ី



មន្ត្រី​អាជ្ញាកណ្ដាល​របស់​កម្ពុជា ចំនួន​២​រូប កំពុងតែ​ដឹកនាំ​ការប្រកួត​និង​ត្រួតពិនិត្យ​ការប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship នៅ​ទីក្រុង​Surabaya និង​ទីក្រុង​Gresik ក្នុងប្រទេស​ឥណ្ឌូណេស៊ី ខណៈ​កម្ពុជា ក៏​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះដែរ​។

​យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​អាជ្ញាកណ្ដាល​ទាំង​២​រូប​របស់​កម្ពុជា​នោះ​មាន​លោក ទុយ វិច្ឆិកា អ្នកវាយតម្លៃ​អាជ្ញាកណ្ដាល និង​លោក ជី សាម​ឌី មន្ត្រី​អាជ្ញាកណ្ដាល​លើ​ទីលាន​ដែល​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ (FIFA)​។ យ៉ាងណាក្តី​មាន​អាជ្ញាកណ្ដាល​២​រូប​ទើបតែ​បញ្ចប់​បេសកម្ម​ក្នុង​ពានរង្វាន់ 2018 AFF U19 Championship ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែរ​គឺ​លោក ឃួន វីរៈ និង​លោក គឹម ស៊ី​ពិសាល​។

យោងតាម​ឯកសារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​បញ្ជាក់​ថា ​លោក ជី សាម​ឌី បាន​ដឹកនាំ​ប្រកួត​បាន​១​លើក​ហើយ​គឺ​ពេល​ក្រុម U16​ឡាវ ប្រកួត​ឈ្នះ​លើ​ក្រុម​ប្រ៊ុយណេ ៣​ទល់​២ ប្រចាំ​វគ្គ​ជម្រុះ​ពូ​ល B កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ កន្លង​ទៅលើ​ទីលាន​កីឡដ្ឋាន Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik​។



សម្រាប់​ពានរង្វាន់ 2018 AFF U16 Championship មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១ ចាប់​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium​។ យោងតាម​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ឡាវ និង​ប្រ៊ុយណេ​។ សម្រាប់​ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក Lee Tae Hoon ដែលជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​កំពុង​ធ្វើជា​គ្រូបង្វឹក​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្តតាកែវ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu