ពានរង្វាន់បាល់ទាត់លីគហ្វូតសាលឆ្នាំ២០១៨ (National Futsal League 2018) និងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) នឹងបន្តសកម្មភាពប្រកួតរៀងៗខ្លួនឡើងវិញនៅចុងសប្តាហ៍នេះក្រោយសម្រាករយៈពេលខ្លីដើម្បីផ្តល់ឱកាសឲ្យកីឡាករតាមក្រុមនីមួយៗចូលរួមបោះឆ្នោតអាណត្តិទី៦កាលពីចុងសប្តាហ៍កន្លងទៅ។
ចំពោះពានរង្វាន់លីគហ្វូតសាលវិញ នឹងប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ ដែលធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨ ក្រុម Fan Sport FT ជួបក្រុមឱម៉ាល់ នៅម៉ោង៤ល្ងាច និងក្រុមឆន្ទៈកីឡា ប៉ះក្រុម Panda FC នៅម៉ោង៥និង៣០នាទីល្ងាច។ នៅថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ក្រុម Down Town Sport FC ប៉ះក្រុម B.A United នៅម៉ោង៤ល្ងាចនិងនៅម៉ោង៥:៣០នាទីល្ងាចក្រុម Home Sport FC ជួបក្រុមយុវជន៧មករា។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយប្រកួតបាន១៧លើកម្នាក់មកឃើញថា ក្រុម Down Town Sport FCឈរលេខ១ មាន៣៩ពិន្ទុ តាមពីក្រោយដោយក្រុម Home Sport FCឈរលេខ២ មាន៣៧ពិន្ទុ ក្រុម ស.ស.យ.ក កំចាយមារ ឈរលេខ៣ មាន៣៦ពិន្ទុ ក្រុមលេខ៤ ឱម៉ាល់ មាន៣៣ពិន្ទុ។ ក្រុមលេខ៥ Fan Sport FC មាន២៣ពិន្ទុ ហើយក្រុមលេខ៦ អាណាចក្របៃតង មាន២២ពិន្ទុ។ លេខ៧ ឆន្ទៈកីឡា មាន១៥ពិន្ទុ ហើយលេខ៨ ក្រុម Panda FC និងក្រុមលេខ៩ យុវជន៧មករា មានមាន១៤ពិន្ទុដូចគ្នា តែខុសត្រង់គ្រាប់បាល់ចំណេញ និងក្រុមB.A United លេខ១០ មាន៥ពិន្ទុ។
លីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈភាគច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ។
ចំណែកពានរង្វាន់លីគកំពូលកម្ពុជាវិញនឹងប្រកួតសប្ដាហ៍ទី១៦ របស់ខ្លួនក្នុងចំណោមសប្តាហ៍ទាំង២២ នៅចុងសប្ដាហ៍នេះដូចគ្នាដោយនៅថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រុមសូលទីឡូអង្គរ វេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិហើយក្រុមវិសាខា ប៉ះវេស្ទើនភ្នំពេញ នៅទីលានស្តាតចាស់ វេលាម៉ោង៦ល្ងាចដូចគ្នា និង១គូទៀតក្រុមភ្នំពេញក្រោន ទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាចដែរលើទីលានកីឡដ្ឋាន RSN។ ចំណែកនៅថ្ងៃអាទិត្យ ទី៥ ខែសីហា វិញក្រុមអគ្គីសនីកម្ពុជា ប៉ះក្រុមអង្គរថាយហ្គឺរ វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ខណៈក្រុមអាស៊ីអឺរ៉ុប ជួបក្រុមណាហ្គាវើល វេលាម៉ោង៣រសៀលដែរលើទីលានកីឡដ្ឋាន AEU Sport Park និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមបឹងកេត វេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឃើញថា ក្រុមបឹងកេតអែហ្វស៊ី បន្តឡើងឈរកំពូលតារាង មាន៣៩ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ក្រុមណាហ្គាវើល និងក្រុមវិសាខា មាន៣៥ពិន្ទុ ឈរលេខ៣ មាន៣៥ពិន្ទុដូចគ្នា។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៤ពិន្ទុ ខណៈក្រុមលេខ៥ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៣ពិន្ទុ ក្រុមលេខ៦ ភ្នំពេញក្រោន មាន២១ពិន្ទុ លេខ៧ ព្រះខ័នរាជស្វាយរៀង មាន២១ពិន្ទុ ដែរ ក្រុមលេខ៨ អាស៊ីអឺរ៉ុប មាន១៨ពិន្ទុ។ ក្រុមលេខ៩សូលទីឡូអង្គរ មាន១៤ពិន្ទុ ហើយក្រុមលេខ១០ អង្គរថាយហ្គឺរ មាន១៣ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៥ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំង ដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments