ភ្នំពេញ ៖ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា ការចេញទៅបោះឆ្នោតជាង៨០ភាគរយ របស់ប្រជាពលរដ្ឋកម្ពុជានៅអាណត្តិនេះ គឺជាសារមួយបង្ហាញពីការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង ដោយមិនញញើត ចំពោះការដាក់សម្ពាធ ពីខាងណានោះឡើយ ហើយក៏ជាបង្ហាញនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឈរលើគោលការណ៍នីតិរដ្ឋ។
លោក ផៃ ស៊ីផាន លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមាន ប្រទេស និងក្រុមជនបរទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ រិះគន់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានប្រជាពលរដ្ឋជាច្រើនរហូតដល់ជាង៨២ភាគរយ បានចូលរួមបោះឆ្នោតក៏ដោយ។ លោកបានអះអាងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ នាអាណត្តិនេះ គឺជាសារនៃការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺមិនញញើត និងកោតខ្លាចចំពោះការដាក់សម្ពាធ ឬឧបសគ្គទាំងឡាយណា ដែលបង្កតាមរយៈវិទ្ធង្សនាបំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាចតាមការបោះឆ្នោតសកលនេះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់យ៉ាងនេះថា “តបនឹងប្រតិកម្មរបស់បរទេស ដែលជាអតីតអាណានិគមមកលើកម្ពុជា ក៏ដូចជាក្រុមដែលតាំងខ្លួនជាពូជសាសន៍ ដែលមានឧត្តមភាព ឬចក្រព័ត្តនិយម ដែលតែងតែជ្រៀតជ្រែកសម្រេចជោគវាសនា ជំនួសប្រជាពលរដ្ឋខ្មែរ គឺចង្អុលដៃប្រឡាក់ទឹកខ្មៅ ចេញទៅបោះឆ្នោតមានចំនួនជាង៨០ភាគរយ នៅក្នុងអាណត្តិនេះ គឺជាសារនៃការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺមិនញញើត និងកោតខ្លាចចំពោះការដាក់សម្ពាធ ឬឧបសគ្គទាំងឡាយណា ដែលបង្កតាមរយៈវិទ្ធង្សនាបំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាចតាមការបោះឆ្នោតសកលនេះ។ រីឯលទ្ធផលនៃការបោះឆ្នោត គឺជាការគាំទ្រ និងជឿជាក់ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការបោះឆ្នោតសកលលើកនេះ គឺជាការបោះឆ្នោតបង្ហាញនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដែលឈរនៅលើ នីតិរដ្ឋ ឬច្បាប់ដែនដីកម្ពុជា និងឆន្ទៈរបស់មហាជន”។
លោក ផៃ ស៊ីផាន បញ្ជាក់ដែរថា បុគ្គលណា ក្រុមណា ឬប្រជាជាតិណារួមទាំងអង្គការអន្ដរជាតិនានា តាំងខ្លួនប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជាទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលនឹងប្រសូត្រចេញនៅរយៈពេលដ៏ខ្លីខាងមុខនេះ គឺតំណាងកម្ពុជាពិតប្រាកដ និងតាមផ្លូវច្បាប់ ដែលតម្រូវឲ្យបរទេស ទាំងនៅក្នុងសកលលោក ទោះជានៅក្នុងរូបភាពណាមួយនោះ ក៏ដោយត្រូវតែធ្វើការជាមួយក្នុងបរិបថ ទំនាក់ទំនង សហប្រតិបត្តិការ និងភាពជាដៃគូសុទ្ធសាធ៕
Source: Kampuchea Thmey Daily
0 Comments