ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយដេញប្រផាប់ចាប់ប្រភីងបានភ្លាមៗបន្ទាប់ពីពួកជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកសាំសុង ពីអាចារ្យវត្តខ្ទរបានសម្រេចហើយតែរត់មិនរួច កាលពីវេលាម៉ោង១២និង៣០នាទី ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះឡូត សុផាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សវិទ្យាល័យព្រែកព្នៅស្នាក់នៅផ្ទះគ្មានលេខភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ជនសង្ស័យទី២ ឈ្មោះព្រុំ វិចារ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សវិទ្យាល័យសំរោង ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
អ្នកទាំង២ជិះម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CX-2805។
ចំណែកជនរងគ្រោះឈ្មោះតូច សុផល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាចារ្យវត្តខ្ទរ ស្នាក់នៅក្នុងវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1W-3581។ ទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាកសាំសុងហ្គាឡាក់ស៊ី។
ប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរដោយជិះម៉ូតូម្នាក់ឯងទិសដៅពីលិចទៅកើតតាមផ្លូវឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុជនសង្ស័យមានគ្នាពីរនាក់បានជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ភ្លាមៗនោះគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យជួយដេញចាប់ជនសង្ស័យបានតែម្តង។
ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ និង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments