ភ្នំពេញ ៖ មនុស្សចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខឃាត់ខ្លួនបានកាលពីចន្លោះយប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ពួកគេទាំងនោះត្រូវបានចោទប្រកាន់ពីបទជួញដូរ និង ខ្លះទៀតពាក់ព័ន្ធប្រើប្រាស់(សេព)គ្រឿងញៀនខុសច្បាប់។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្នុងចំណោមជនដែលត្រូវបានចាប់ខ្លួនទាំង៥នាក់ ខាងលើនោះ មានជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធការជួញដូរថ្នាំចំនួន៥កញ្ចប់តូចៗ ដែលសមត្ថកិច្ចបានឆែកឆេរឃើញលាក់ទុកក្នុងកញ្ចប់បារី Fine ដែលគេកំពុងកាន់នៅដៃ ខណៈកំពុងធ្វើដំណើរដោយម៉ូតូ កាលពីព្រលប់ថ្ងៃទី១៦។ ពួកគេ
១. ឈ្មោះ ណេង ដាវីត ហៅ វីត ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរច្បាស់លាស់ ស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី។ ២. ឈ្មោះ ម៉ៅ សុម៉ានិច ហៅនិច ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប៉ូលិសបានបន្តថា ចំណែកជនសង្ស័យ៣នាក់ទៀត គឺជាប់ពាក់ព័ន្ធក្នុងការសេព(ប្រើប្រាស់)ថ្នាំញៀន ខុសច្បាប់ដែលសមត្ថកិច្ចបានរកឃើញតាមរយៈការត្រួតពិនិត្យល្បាយទឹកនោម។ ពួកគេ មានឈ្មោះ ១.ម៉េង ភារិន ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរពិតស្នាក់ផ្ទះជួលម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ២.សួស ម៉ូលីសុថ្ថា ភេទប្រុស អាយុ២៤ឆ្នាំ គ្មានមុខរបរស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី។ ៣. ឆន រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួល ម្តុំក្រោយសាលាតិចណូ ទួលគោក។
ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់និងជាបញ្ហាក្តៅដែលក្នុងសង្គមស្អប់ខ្ពើមបំផុត ព្រោះវាបានបំផ្លាញសុខភាពអ្នកប្រើប្រាស់និងបានបង្កឲ្យអ្នកប្រើប្រាស់គ្មានអនាគតនិងក្លាយខ្លួនជាចោរលួច ឆក់ប្លន់ ទ្រព្យសម្បត្តិគេ បង្កអសន្តិសុខសង្គម ហើយរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំឲ្យបង្ក្រាបនៅទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments