ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្តេជ្ញាប្រែក្លាយឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបទៅជាឧទ្យានសម្រាប់ការសិក្សាស្រាវជ្រាវដោយយកទ្រឹស្តីផ្សារភ្ជាប់ទៅនឹងការអនុវត្ត។ កសាងគម្របព្រៃឈើឡើងវិញ ដែលលមានពូជឈើគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន១លានដើម។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងនៅក្នុងសិក្ខាសាលាស្តីពីការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកាលពីពេលថ្មីនេះ។
លោកបណ្ឌិតសភាចារ្យបន្តថា “ក្នុងទិសដៅដាំកូនឈើ១លានដើម យើងបានសាងសង់ថ្នាលបណ្តុះបណ្តាលកូនឈើមួយកន្លែងដែលស្របតាមបទដ្ឋានបច្ចេកទេស។ ថ្នាលនេះមានទំហំ៣០មx៥០មដែលអាចបណ្តុះកូនឈើបានពី៦ម៉ឺន៧ពាន់ទៅ៧ម៉ឺនដើម។ ក្នុងរយៈពេល២ខែមកនេះយើងបានដាំកូនឈើបានចំនួន១២០០០ដើម ដោយបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅជុំវិញតំបន់កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត។
ជាមួយគ្នានេះ ក្នុងទិសដៅជំរុញផលិតកម្មសត្វនិងផ្តល់បច្ចេកទេសចិញ្ចឹមសត្វដល់សហគមន៍ យើងបានរៀបចំថ្នាលនិងដាំស្មៅនិងរោងចិញ្ចឹមគោ។ ក្នុងជំហានសាកល្បងយើងបានរៀបចំក្រោលសម្រាប់អភិរក្សសត្វប្រើសនិងជ្រូកព្រៃមួយចំនួន។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានដឹកនាំសមាជិក សមាជិការដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ជាច្រើនរូបព្រមទាំងប្រជាពលរដ្ឋសរុប៣៨២១នាក់ ដើម្បីបំផុសចលនាដាំកូនឈើនិងការពារបរិស្ថាននៅក្នុងឧទ្យានជាតិមួយនេះ ហើយបានគាំទ្រយ៉ាងម៉ឺងម៉ាត់ និងអនុញ្ញាតឧទ្យានជាតិនេះរៀបចំច្បាប់ដោយឡែក ឬ ក្រមប្រតិបត្តិសម្រាប់ឧទ្យាន(ក្រមឧទ្យាន) ក្នុងការគ្រប់គ្រងឧទ្យាននេះដើម្បីធានាបាននូវការអភិរក្ស និងការអភិវឌ្ឍដោយគ្មានការបំផ្លិចបំផ្លាញតាមគ្រប់រូបភាព។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានអះអាងបន្ថែមថា នឹងប្រែក្លាយតំបន់ឧទ្យាននេះទៅជាតំបន់ទេសចរណ៍៣ប្រភេទគឺ ទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៌និងទេសចរណ៍សប្បនិម្មិត។ ក្នុងនោះទេសចរណ៍សប្បនិម្មិតចែកចេញជា២គឺ ១ ទេសចរណ៍ដែលអាចទស្សនារុក្ខជាតិនានាដែលមាននៅទីនោះ និងអាចមើលពូជសត្វកម្រ និងពូជសត្វដទៃទៀត ដោយប្រើយានយន្តថាមពលអាគុយ និងអាចឈានទៅបង្កើតរ៉តដើម្បីទស្សនានៅក្នុងតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹបនេះ។ ទី២ ទេសចរណ៍ផលិតផលដែលភ្ញៀវទេសចរណ៍អាចមកទស្សនាបាន ដូចជាការចិញ្ចឹមសត្វគ្រប់ប្រភេទហើយកែប្រែផលិតផលទាំងនោះទៅជាកសិឧស្សាហកម្មដោយកាត់បន្ថយការប្រើជីគីមីឲ្យនៅកម្រិតទាបបំផុត។ និងប្រែក្លាយឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបទៅជាសួនច្បាររបស់យើងទាំងអស់គ្នា និង ពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments