Ad Code

ចូល​លួច​ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ Laptop នៅក្នុង​ហាង​ត្រូវ​ជាប់អន្ទាក់



ភ្នំពេញ ​៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​១​មួយ​គ្រឿង​និង​កុំព្យូទ័រ Laptop ចំនួន​២​គ្រឿង​បានសម្រេច​ប្រុង​រត់​គេច​ខ្លួន ក៏ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​ចាប់​ក្របួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ចន្ទ ៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​យីហោ ប៉ាណូ​រ៉ា​ម៉ា មេគង្គ ទីតាំង​ផ្ទះ​លេខ ៣៥៧​ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ មឿ​ន ប៉ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ប្រាកដ។ វត្ថុតាង​ចាប់​យក​មាន​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​៥ និង​កុំ​ព្យូ​ទ័រ​ម៉ាក​Apple ចំនួន​២​គ្រឿង (​ជា​របស់​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡេង សុផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់​នៅផ្ទះ​លេខ​២០៧ ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ​។

ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី​ភ្លឺ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ចូលក្នុង​ហាង​យីហោ​ប៉ាណូ​រ៉ា​ម៉ា មេគង្គ ទីតាំង​ផ្ទះ​លេខ ៣៥៧​ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ហើយ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​មួយ​គ្រឿង និង​កុំព្យូទ័រ Laptop​ចំនួន​២​គ្រឿង​បានសម្រេច ​ប្រុង​រត់​គេច​ខ្លួន ក៏ត្រូវ​ជនរងគ្រោះ​ចាប់​ក្របួច​ជាប់ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ទទួល​យក​ទៅ​សាកសួរ​តាម​នីតិវិធី។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាមច្បាប់។ សមត្ថកិច្ច​បញ្ជាក់​ដោយ​យោង​តាម​ការធ្វើ​តេស្ត​ទឹកនោម​នោះ​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu