សៀមរាប ៖ រថយន្តដឹកខ្សាច់មួយគ្រឿង បានបោះពួយក្នុងល្បឿនយ៉ាងលឿនដាច់ចង្កូតជ្រុលទៅបុកជាមួយនឹងកង់បណ្តាលឲ្យក្មេងប្រុស២នាក់ ជាបងប្អូនកូនភ្លោះ ស្លាប់យ៉ាងអាណោចអាធ័មនិងរងរបួសធ្ងន់មនុស្សម្នាក់ទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងភូមិត្រៀក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ម៉ី ស្សាវរី នាយប៉ុស្តិ៍នគរបាល សង្កាត់សៀមរាបស្តីទី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-0271 នេះបានបើកបរយ៉ាងលឿន ដាច់ចង្កូតទៅបុកកង់ក្មេងប្រុសភ្លោះ២នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សម្នាក់ទៀតរបួស។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ តៃកុងរថយន្តដឹកខ្សាច់រូបនោះបានរត់គេចខ្លួនបាត់។ ឪពុករបស់កូនប្រុសភ្លោះបានមកដល់កន្លែងកើតហេតុយំអោបសពកូនស្រីទាំង២រហូតដល់សន្លប់ផងដែរ។ ដោយឡែកមនុស្សម្នាក់ទៀត រងរបួសនោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។ ជនរងគ្រោះមានឈ្មោះទី១សុខ ធារី ភេទប្រុស អាយុ១១ឆ្នាំ ទី២សុខ ធារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិត្រៀក ក្រុងសៀមរាប ខេត្តសៀមរាប និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។
ពលរដ្ឋបាន សំណូមពរឲ្យអស់លោកជាតៃកុងឡានធំៗមេត្តាកុំបើកលឿនពេក ត្រូវគិតពីអាយុជីវិតអ្នកដទៃដែលធ្វើដំណើរតាមផ្លូវផង៕
Source: Kampuchea Thmey Daily
0 Comments