ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិប្រមាណជាង ២០០ នាក់ដែលមកពីប្រទេសផ្សេងៗ និង អង្គការអន្តរជាតិប្រមាណ ៧ និង ប្រទេសប្រមាណ ៥២ នៅក្នុងទ្វីបទាំងប្រាំ កាលពីថ្ងៃព្រឹកថ្ងៃទី ២៨ ខែកក្កដា នេះវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងអស់ថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះគឺប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយនោះតែ ម្តងដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពនៃការបោះឆ្នោតរបស់កម្ពុជានាថ្ងៃស្អែកនេះ។
នៅក្នុងឱកាសនោះ សម្តេចបានជម្រាបជូនប្រតិភូអ្នកសង្កេតការណ៍ទាំងអស់អំពីដំណើរការការបោះឆ្នោតនៅកម្ពុជា ដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តងជាទៀងទាត់ហើយកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺមិនដូចទៅនឹងការបោះឆ្នោតនៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតីឬនាយករដ្ឋមន្ត្រីរំលាយសភាជ្រើសរើសថ្ងៃបោះឆ្នោតតាមការគ្រោងទុករបស់ខ្លួន។ ពីនោះទៅទៀតសម្តេចក៏បានជម្រាបប្រតិភូទាំងមូលពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ ១៩៩៣ ,១៩៩៨, ២០០៣ ,២០០៨ និងឆ្នាំ២០១៣កន្លងមកហើយការបោះឆ្នោតនាឆ្នាំ ២០១៨ នេះដំណើរការយុទ្ធនាការបោះឆ្នោតបានប្រព្រឹត្តរយៈពេល ២១ ថ្ងៃ ដំណើរទៅយ៉ាងរលូននិងគ្មានអំពើហិង្សាអ្វីកើតឡើងឡើយ។
សម្ដេចក៏បានជម្រាបជូនគណៈប្រតិភូទាំងមូលផងដែរ អំពីដំណើរការវិវឌ្ឍរបស់កម្ពុជាយើងពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើនមកប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ សម្តេចបានជម្រាបជូនអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ថា ប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញកាលពីឆ្នាំ១៩៩៨ គឺជាពេលវេលាដែលកម្ពុជាបានរួបរួមគ្នាស្ថិតនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ ក្រោយពេលដែលការអនុវត្តនយោបាយឈ្នះឈ្នះបានធ្វើឲ្យខ្មែរឈ្នះទាំងអស់គ្នា មេដឹកនាំខ្មែរក្រហមបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សុខសន្តិភាពរយៈពេល២០ ឆ្នាំនេះបានបង្កលកខណៈឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសក្លាយជាប្រទេស ដែលមានចំណូល មធ្យមកំរិតទាបកាលពីឆ្នាំ២០១៦។
បន្ទាប់ពីបានស្តាប់ការពន្យល់ដ៏ក្បោះក្លាយរបស់សម្តេច ហ៊ុន សែន រួចមកអំពីដំណើរការវិវត្តនន៍នៃស្ថានភាពទាំងឡាយរបស់កម្ពុជាពីអតីតកាលកន្លងមកក៏ដូចជាប្រវត្តិនៃការបោះឆ្នោតរបស់កម្ពុជាកន្លងមក លោកប្រធានអង្គការ CAPDI បានបង្ហាញចំណាប់អារម្មណ៍ជម្រាបជូនសម្ដេចនិងប្រតិភូទាំងអស់ថា កម្ពុជាគឺជាប្រទេសមួយដែលចាប់ផ្ដើមពីរដ្ឋបរាជ័យមួយ រហូតមកដល់ពេលនេះក្លាយជាប្រទេសមួយ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ មានសុខសន្តិភាពយ៉ាងពេញលេញ។
ដោយឡែកអង្គការ ICAPP ដែលតំណាងឲ្យប្រទេស ៥០ ដែលមានបក្សនយោបាយចំនួន ៣៥០ ហើយធ្លាប់បានធ្វើការសង្កេតការណ៍ដំណើរការបោះឆ្នោតជាច្រើនដងច្រើនកន្លែង និងច្រើនប្រទេសមកហើយនោះ ដោយអង្គការនេះ បានបង្ហាញសុទិដ្ឋិនិយមបន្ទាប់ពីបានឃើញក្បួនហែថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដា ដោយឃើញទឹកមុខប្រជាជនកម្ពុជាមានភាពស្រស់ស្រាយរីករាយ។
លោកបន្តថា នោះហើយគឺជាការឆ្លុះបញ្ចាំងនូវដំណើរការយុទ្ធនាការបោះឆ្នោតមួយដែលមានលក្ខណៈសេរី និងយុត្តិធម៌។
ក្នុងនោះដែរ ក៏មានសមាជិកសភាអាមេរិកមួយដែរ ក្នុងនាមជាប្រជាពលរដ្ឋអាមេរិកលោកបានមានប្រសាសន៍ថា លោកបានមកកាន់កម្ពុជារហូតមកដល់ពេលនេះ ឃើញកម្ពុជាមានការផ្លាស់ប្ដូរខ្លាំងលោកសូមសំដែងនូវការអបអរសាទរចំពោះសុខសន្តិភាពស្ថេរភាពដែលកម្ពុជាទទួលបានជាសព្វថ្ងៃ។ លោកបានបង្ហាញនូវការរំពឹងនឹងសង្ឃឹមថា ទំនាក់ទំនងរវាង កម្ពុជានិងសហរដ្ឋអាមេរិកនឹងល្អប្រសើរឡើង។
រីឯគណៈប្រតិភូសង្កេតការណ៍មកពីប្រទេសឥណ្ឌា ក៏បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នាទៅនឹងតំណាងអង្គការ ICAPP ផងដែរថា កាលពីថ្ងៃទី២៧ ខែកក្កដា លោកបានឃើញការដង្ហែក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ។ លោកបានជួបនិងស្តាប់អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាកន្លង និង លោកសង្កេតការណ៍នៅពេលនេះឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាពិតជាមានភាពរលូន។
លោកបានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបន្តចូលរួមសង្កេតការណ៍តទៅទៀតនៅថ្ងៃបោះឆ្នោត ២៩ កក្កដានេះដើម្បីតាមដានអំពីដំណើរការបោះឆ្នោតនៅកម្ពុជា។
អ្នកសង្កេតការណ៍អន្តរជាតិចំនួន២២០នាក់ និង អ្នកសង្កេតការណ៍ជាតិចំនួន ១.០៣៦នាក់ នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា ។ ក្រុមអ្នកសង្កេតការណ៍នេះត្រូវបានជ្រើសរើសពីអង្គការសង្គមស៊ីវិលចំនួន ៩៣ ស្ថាប័ន មកពីទូទាំង២៥ រាជធានី-ខេត្ត និងមកពីបណ្ដុំអង្គការសង្គមស៊ីវិលដែលមានបទពិសោធទាក់ទងនឹងការសង្កេតការណ៍បោះឆ្នោតលើពិភពលោកមកពី ៥២ ប្រទេស ក្នុងទ្វីបទាំង៥ ព្រមជាមួយនិន្នាការកណ្ដាលនិយមថែមទៀតផង។
ក្រុមអ្នកសង្កេតការណ៍ទាំងនេះ ត្រូវបានអញ្ជើញឲ្យចូលរួមតាមរយៈក្រសួងការបរទេសនឹងត្រូវបានជឿជាក់ថា មានឯករាជ្យភាពពេញលេញ ស្របទៅតាមបទពិសោធដែលបានធ្វើនាពេលកន្លងមកហើយអាចជឿទុកចិត្តបាន។
សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមានមកពីស្ថាប័នចំនួន ៧ ដូចជា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(CDI),សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយអាស៊ី(ICAPP) ,អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក(CAPDI), អង្គការសមាគមសភាអាស៊ី(APA), អង្គការសមាគមអន្តរសភាអាស៊ាន(AIPA), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសភានៃប្រទេសនិយាយភាសាបារាំង(APF)។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានមកដល់កម្ពុជាកាលនៅថ្ងៃទី២៧ ខែកក្កដា ព្រមទាំងស្នាក់នៅរយៈពេល៥ ថ្ងៃ ហើយពួកគេមានសិទ្ធិចូលសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ដោយមានការិយាល័យបោះឆ្នោតសរុបជាង ២២.០០០ ការិយាល័យ៕
Source: Kampuchea Thmey Daily
0 Comments