ពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន MDS និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនគិតជាទឹកប្រាក់ប្រមាណជា (៩០លានរៀល ) របស់សម្ដេច តេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់កងកម្លាំងជួរមុខដែលឈរជើងនៅឃុំថ្មដាស្រុកវាលវែង ដើម្បីចូលរួមជួយផ្គត់ផ្គង់ក្នុងនាមសមរភូមិក្រោយ។
ពិធីនេះ ធ្វើឡើងនៅក្នុងអគារកាស៊ីណូជាប់ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោកឧកញ៉ា ទ្រី ភាពនិងលោកជំទាវ និងមានការចូលរួមពីលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត លោក ឃាង សុជីវ័ន្ដ អគ្គនាយករងក្រុមហ៊ុន អឹមឌីអែស លោក ហេង សុភាណា អភិបាលស្រុកវាលវែង លោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកព្រំដែន និងមានការចូលរួមពីភាគីថៃជាប់ព្រំដែនគ្នាផងដែរ។
លោកឧកញ៉ា ទ្រី ភាព បានជម្រាបជូនថា ក្រុមហ៊ុន MDS មានប្រវត្តិធ្លាប់ជួយទំនុកបម្រុងកងកម្លាំងដែលឈរជើងនៅតំបន់នេះ យូរមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយ០៣អង្គភាពទៀតផង គឺអង្គភាពកងការពារព្រំដែនគោកលេខ៥០១ អង្គភាពវរៈសេនាតូចលេខ១ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយបានជួយដោះស្រាយនូវបញ្ហា និងសំណូមពរជាច្រើនដល់កងកម្លាំងនៅទីនេះផងដែរ។ ពីមុនផ្លូវលំបាកធ្វើដំណើរខ្លាំងណាស់ ប៉ុន្តែឥឡូវនេះរាជរដ្ឋាភិបាល បានធ្វើផ្លូវកៅស៊ូមកដល់ទីនេះតែម្ដងមានប្រវែងជិត២០០គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរទៅមក។
បន្ទាប់ពីផ្លូវជាតិលេខ៥៥នេះស្ថាបនារួច រាជរដ្ឋាភិបាលនឹងរៀបចំបើកច្រកតំបន់សេដ្ឋកិច្ចពិសេសនៅឃុំថ្មដានេះ ពេលនោះក្រុមហ៊ុន MDS នឹងត្រូវការបុគ្គលិកច្រើននាក់ដើម្បីបម្រើការងារ ហើយក្រុមហ៊ុនផ្ដល់អាទិភាពមុនគេសម្រាប់កូនចៅ និងគ្រួសារកងទ័ពនៅទីនេះ។ លោកឧកញ៉ា ទ្រី ភាព បានសំដែងការដឹងគុណចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពដីកន្លងមកនេះ ទោះបីប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងក៏ដោយ។
លោកឧកញ៉ាសូមឲ្យកងកម្លាំងគ្រប់អង្គភាពមានសាមគ្គីផ្ទៃក្នុងល្អ គោរពបទបញ្ជារបស់ថ្នាក់លើ មានទំនាក់ទំនងល្អជាមួយភាគីថៃ អាជ្ញាធរដែនដី និងត្រូវចេះថែរក្សាសុខភាពជាចំបង។ ជាមួយគ្នានេះ សូមនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះដើម្បីជ្រើសរើសមេដឹកនាំដែលផ្ដល់សេចក្ដីសុខឲ្យយើងជាបន្តទៀត។
បើតាមលោក ឃៀង សុជីវ័ន្ត នាយក្រុមហ៊ុន MDS បានជម្រាបជូនថា អំណោយរបស់សម្ដេចតេជោ និងលោកជំទាវ រួមមាន ក្រមា ភួយ និងថវិកាមួយចំនួន ដល់កងកម្លាំងជួរមុខទាំងបីអង្គភាព និងជូនដល់សាលាស្រុកវាលវែង សាលាឃុំ ប៉ុស្តិ៍រដ្ឋបាលថ្មដា និងដោះស្រាយបញ្ហា ដែលកម្លាំងប្រដាប់ត្រូវការចាំបាច់មួយចំនួន ព្រមទាំងលោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ផ្ដល់ជូនកម្មករនៅទីនោះ សរុបជាទឹកប្រាក់អស់ចំនួន ៨៧លាន០៨សែនរៀល ៣.០០០ដុល្លា និង៣០.០០០បាត ដែលថវិកាទាំងនេះជាថវិការបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈលោកឧកញ៉ានិងលោកជំទាវ ៕
Source: Kampuchea Thmey Daily
0 Comments