Ad Code

លោក Pompeo ៖ អដ្ឋិធាតុ​កងទ័ព​អាមេរិក ​នឹងត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​ពី​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ



រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​គួរ​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ​តាម​ដំណើរការ​មួយ​ដែល​ព្រមព្រៀង​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​
​លោក Pompeo បាន​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​សេត​វិមាន​ថា “​ខ្ញុំ​គិតថា​នៅ​សប្តាហ៍​បន្ទាប់​យើង​នឹងមាន​ការបញ្ជូន​ត្រឡប់​អដ្ឋិធាតុ​មកវិញ​ជា​លើកដំបូង​”​។​

ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​ក្នុងអំឡុង​ជម្លោះ​ឆ្នាំ​១៩៥០-៥៣​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​គីម​និង​លោក​ត្រាំ​អំឡុង​ជំនួប​កំពូល​របស់​អ្នក​ទាំងពីរ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែ​មុន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Pompeo មិនបាន​បញ្ជាក់​ទេ​អំពី​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលថា ការធ្វើ​មាតុភូមិនិវត្តន៍​ជា​លើកដំបូង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ហើយ​ថា​ប្រហែល​៥០​ទៅ​៥៥​នៃ​សំណុំ​អដ្ឋិធាតុ​នឹងត្រូវ​បាន​បញ្ជូន​ត្រឡប់មកវិញ​។​

ក្រុមមន្ត្រី​យោធា​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​បាន​ជួបគ្នា​កាលពី​ថ្ងៃអាទិត្យ​ក្នុងភូមិ​បទ​ឈប់​បាញ់ Panmunjom នៅ​ព្រំដែន​អន្តរ​កូរ៉េ​ដើម្បី​ពិភាក្សា​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert បាន​និយាយថា “​ការសន្ទនា​នៅតែ​បន្ត​។ មាន​កិច្ចការ​នៅសល់​ជាច្រើន​ដែល​ត្រូវធ្វើ​ឲ្យ​ហើយ​នៅ​ច្រើន​កម្រិត​ខុសៗ​គ្នា​”​។​
​មឈូស​ជាច្រើន​ដើម្បី​ដាក់​អដ្ឋិធាតុ​ទាហាន​អាមេរិក​ត្រូវបាន​នាំយកទៅ​ភាគខាងត្បូង​នៃ​ព្រំដែន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu