ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក វីវៀន បាឡាគ្រីស្សណាន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសឹង្ហបុរី នេះបើតាមសេចក្តីជូនព័ត៌មាន ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះរួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី១៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៨ និងវេទិកាតំបន់អាស៊ានលើកទី២៥។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន” នឹងឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុះមុតរបស់អាស៊ាន ក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ាន និងបន្តស្ថិតនៅជាអង្គការតំបន់គួរឲ្យទុកចិត្តនៅក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថេរភាព និងវិបុលភាព។
គួរកត់សម្គាល់ថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំ “សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស បូកសាធារណរដ្ឋកូរ៉េ” ជាមួយលោកជំទាវ កាង ឃ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។
តាមក្រសួងការបរទេស លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments