Ad Code

កូរ៉េខាងជើង​ធ្វើ​ឲ្យ​ការជួបជុំ​គ្រួសារ​ ដែល​បែកបាក់​ដោយ​សង្គ្រាម​ស្ថិតក្នុង​មន្ទិលសង្ស័យ



ប្រទេស​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ការជួបជុំ​ក្នុង​ខែសីហា​នៃ​គ្រួសារ​កូរ៉េ​ដែល​បែកបាក់​ដោយ​សង្គ្រាម​ប្រហែលជា​មិនអាច​កើតឡើង​បានទេ​ ប្រសិនបើ​កូរ៉េខាងត្បូង​មិន​ប្រគល់​មកវិញ​ភ្លាម​នូវ​ពលរដ្ឋ​របស់ខ្លួន​ ដែល​បាន​ទៅដល់​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

ការមកដល់​នៃ​បុគ្គលិក​ស្រី​មួយក្រុម​មាន​គ្នា​ចំនួន​១២​នាក់​ក្នុង​ឆ្នាំ​២០១៦​ចេញពី​ភោជនីយដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​កូរ៉េខាងជើង​មួយ​នៅ​ប្រទេស​ចិន​គឺជា​ប្រភព​នៃ​ជម្លោះ​រវាង​កូរ៉េ​ទាំងពីរ​។​

កូរ៉េខាងជើង​បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា​បាន​ចាប់ពង្រត់​ពួកគេ​ខណៈដែល​កូរ៉េខាងត្បូង​និយាយថា ពួកគេ​បានសម្រេច​ចិត្ត​តាំងទី​លំនៅ​ថ្មី​តាម​ឆន្ទៈ​ផ្ទាល់​របស់ខ្លួន​។​

កូរ៉េខាងជើង​តែងតែ​ប្រើប្រាស់​បញ្ហា​ស្ត្រី​ទាំងនេះ​ជា​មូលហេតុ​ដើម្បី​ទប់ទល់​នឹង​សំណើ​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េខាងត្បូង​ដែល​សុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​វ័យចាស់​ដែល​បែកបាក់​ក្នុង​កំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ឲ្យ​ជួបជុំគ្នា​វិញ​មួយ​រយៈពេល​ខ្លី​។​

ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ថ្ងៃ​សុក្រ​គឺជា​ការប៉ុនប៉ង​លើកដំបូង​របស់​កូរ៉េខាងជើង​ក្នុងការ​ផ្សារភ្ជាប់​ជោគវាសនា​របស់​ស្ត្រី​ទាំងនោះ​ទៅនឹង​ការជួប​ជុំគ្នា​នៅ​ខែសីហា​ហើយ​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​ថា កិច្ច​ការទូត​ជា​សកល​ដើម្បី​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​កំពុងតែ​មានការ​រីកចម្រើន​តិចតួច​បន្ទាប់ពី​ភាព​ធូរស្រាល​រយៈពេល​ច្រើន​ខែ​។​

គេហទំព័រ Uriminzokkiri របស់​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយថា ការជួបជុំ​និង​ចំណងទាក់ទង​អន្តរ​កូរ៉េ​ជារួម​នឹងត្រូវ​ប្រឈម​ឧបសគ្គ​ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​មិន​បញ្ជូន​ស្ត្រី​ទាំងនោះ​មកវិញ​ទេ​។​

ស្របពេល​ជាមួយគ្នា​នោះ ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ខ្លួន​មិនមាន​មតិយោបល់​លើ​របាយការណ៍​របស់គេ​ហ​ទំព័រ Uriminzokkiri ទេ​។​

មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែលថា ស្ត្រី​កូរ៉េខាងជើង​មួយចំនួន​ក្នុងចំណោម​១២​នាក់​នោះ​អាច​ត្រូវបាន​គេ​បោក​បញ្ឆោត​យ៉ាងពិត​ប្រាកដ​ដើម្បី​ឲ្យ​ចូលទៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។​

បន្ទាប់ពី​បាន​ជួប​ជាមួយ​ស្ត្រី​ខ្លះ​កាលពី​ដើមខែ​នេះ លោក Tomas Ojea Quintana ដែលជា​អ្នកស៊ើប​អង្កេត​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា ពួកគេ​បាន​ប្រាប់​គាត់​ថា ពួកគេ​មិនបាន​ដឹងថា​ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ទេ​នៅពេល​ពួកគេ​ចាក​ចេញពី​ប្រទេស​ចិន​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​មក​, កូរ៉េ​ទាំង​ពីរបាន​ហាមឃាត់​ពលរដ្ឋ​ធម្មតា​ពី​ការ​ទៅសួរសុខទុក្ខ​សាច់ញាតិ​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន​ឬ​ទាក់ទង​ពួកគេ​ដោយ​គ្មាន​ការអនុញ្ញាត​។ ប្រជាជន​កូរ៉េ​ជិត​២០,០០០​នាក់​បាន​ចូលរួម​ក្នុងការ​ជួបជុំ​ទល់មុខ​គ្នា​ចំនួន​២០​ដង​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។ ការជួបជុំ​ចុងក្រោយ​បំផុត​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៥​។​

យោងតាម​ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​បាន​ឲ្យ​ដឹងថា ប្រជាជន​កូរ៉េខាងត្បូង​ជាង ៧៥,០០០​នាក់​ក្នុងចំណោម​១៣២,០០០​នាក់​ដែល​បានដាក់​ពាក្យ​ចូលរួម​ការជួប​ជុំគ្នា​គឺ​បាន​ស្លាប់​។ គ្មាន​អ្នកចូលរួម​នាពេល​កន្លងមក​ណា​ម្នា​ក់បាន​ជួបជុំគ្នា​ជា​លើក​ទី​ពីរ​នោះទេ​៕ AP



[caption id="attachment_950290" align="alignnone" width="960"] REPUBLIC[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu