Ad Code

MCL 2018 ៖​ អាស៊ី​អឺរ៉ុប ប៉ះ​វិសាខា តែ​អង្គ​រថា​យ​ហ្គឺ​រ​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង និង​បឹងកេត​ជួប​សូល​ទី​ឡូ​អង្គរ



ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ប៉ះ​វិសាខា ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​បឹងកេត​ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នេះ ​ប្រចាំ​សប្ដាហ៍​ទី​១៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ Metfone Cambodian League 2018​។

*​អាស៊ី​អឺរ៉ុប​ប៉ះ​វិសាខា
ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​បើកទ្វា​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ម្តុំ​អរិយ​ក្សត្រ​ទទួល​ក្រុម​វិសាខា នៅវេលា​ម៉ោង​៣​ល្ងាច ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​១៤​លើក ឈ្នះ​បាន​៥​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៦​លើក មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​១៧​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។



​ចំណែក​ក្រុម​វិសាខា វិញ​កំពុងតែ​ត្រូវការ​ពិន្ទុ​ជាខ្លាំង ​ដើម្បី​ប្រជែង​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ប្រកួត​បាន​១៤​លើក​ឈ្នះ​បាន​១០​លើក ស្មើគ្នា​បាន​២​លើក​និង​ចាញ់​២​លើក​មាន​៣២​ពិន្ទុ និង​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២​។ លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​វិសាខា បាន​រំពឹង​ថា ​កូនក្រុម​អាច​បន្ត​ជ័យជម្នះ​ថែមទៀត​ដើម្បី​ដណ្តើម​កៅអី​កំពូល​តារាង​។

*​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​១៤​លើក​មកនេះ​ឈ្នះ​បាន​៣ លើក​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​៨​លើក​មាន​១២​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែល​ជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence ដែលមាន​សមាជិក​២៥​នាក់​។ លោក Akihiro Kato ដែល​ជា​ប្រធាន​ក្លិប​បានដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។

​សម្រាប់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង វិញ​មួយរយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​បញ្ហា​រឿង​កីឡាករ​របួស​និង​កីឡាករ​សំខាន់ៗ​ជាប់​ពិន័យ​ពី​សំណាក់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សរសើរ​កូនក្រុម​ក្នុង​ប្រកួត​ចុងក្រោយ​ដែល​ធ្វើ​បានល្អ​។ យ៉ាងណា​លោក​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដើម្បី​ត្រៀម​ជើង​ទី​២​នេះ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៦​លើក​ស្មើគ្នា​២​លើក​និង​ចាញ់​៦​លើក​។

*​បឹងកេត ប៉ះ​សូល​ទី​ឡូ​អង្គរ​
ក្រុម​បឹងកេត ត្រូវ​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច ខណៈ​សារព័ត៌មាន​កម្ពុជា​ថ្មី នឹង​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ប្រកួត​នេះ​ផងដែរ​។ ក្រុម​បឹងកេត កំពុងតែ​ឈរ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​១៤​ប្រកួត ឈ្នះ​រហូតដល់​១១​ប្រកួត និង​ស្មើគ្នា​៣​ប្រកួត​មាន​៣៣​ពិន្ទុ​។ លោក ហៅ សុជាតិ ដែល​ជា​គ្រូបង្វឹក​កំពុងតែ​ឈឺក្បាល​រឿង​កីឡាករ​សំខាន់​មួយចំនួន​ដែល​ចាកចេញ ប៉ុន្តែ​លោក​បាន​នាំ​យក​កីឡាករ​សំខាន់ៗ​មក​ប៉ះប៉ូវ​វិញ​ដើម្បី​រក្សា​កៅអី​កំពូល​តារាង​។ មិនតែប៉ុណ្ណោះ​លោក​បាន​សម្លឹង​ឃើញ​ក្រុម​ណាហ្គា​វើ​ល ជា​គូប្រជែង​មិនអាច​មើល​រំលង​បាន​ក្នុង​ការដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។



ងាក​មក​មើល​ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda កំពុងតែ​ត្រូវការ​ពិន្ទុ​គេច​ឲ្យ​ផុត​ពី​តំបន់​គ្រោះថ្នាក់​។ គ្រូបង្វឹក​រូប​នេះ​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី កាលពីដើមឆ្នាំ​។ ១៤​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​៤​លើក ស្មើគ្នា​២​លើក​និង​ចាញ់​ដល់​ទៅ​៨​លើក​។

​ចំណែក​ប្រកួត​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១៥ នេះ​នឹង​បន្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ដោយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu