Ad Code

ពួក​ឧទ្ទាម​ស៊ី​រី​យល់ព្រម​ប្រគល់​តំបន់​ដែល​ជាប់​ព្រំប្រទល់​ Golan



ក្រុម​ឃ្លាំមើល​មួយ​និង​ប្រភព​ក្រុមប្រឆាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ឧទ្ទាម​ស៊ី​រី​បាន​យល់ព្រម​ប្រគល់​តំបន់​ដ៏​រសើប​មួយ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​តំបន់ Golan Heights ដែល​ត្រូវបាន​កាត់​យក​ដោយ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។ នេះ​ជា​ការ​អះអាង​ចុងក្រោយ​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​ពង្រីក​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​លើទឹក​ដី​ដ៏​សំខាន់​មួយ​នេះ។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​មួយទៀត ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ជម្លៀស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ចេញពី​ទីប្រជុំជន​គាំទ្រ​រដ្ឋាភិបាល​ចំនួន​ពីរ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ដែល​ត្រូវ​ជាប់​ក្នុងការ​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​ជា​យូរ​មកហើយ​។​

កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​ដែល​ត្រូវបាន​ចរចា​ដោយ​សម្ព័ន្ធមិត្ត​របស់រ​ដ្ឋា​ភិ​បាល​គឺ​ប្រទេស​រុស្សី​គឺ​នឹង​ត្រូវបាន​គេ​មើលឃើញថា​ជា​ជ័យជម្នះ​សម្រាប់​លោក​ប្រធានាធិបតី Bashar al-Assad លើ​ការបះបោរ​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដែល​ធ្លាប់​គំរាមកំហែង​ដល់​ការគ្រប់គ្រង​របស់គាត់​។​

ដោយមាន​អំណាច​យោធា​ចម្រុះ​និង​ការចុះចាញ់​តាម​កិច្ចចរចា​នោះ កងកម្លាំង​របស់គាត់​នៅ​ខែ​នេះ​បាន​ដណ្តើម​កាន់កាប់​ជាង​៩០​ភាគរយ​នៃ​ខេត្ត Daraa ដែលជា​ខេត្ត​ភាគខាងត្បូង​និង​ជា​កន្លែង​ការតវ៉ា​ប្រឆាំង​រូបគាត់​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១១​។​

បន្ទាប់មក​ពួកគេ​បានចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ឧទ្ទាម​នៅ​ខេត្ត Quneitra ដែល​បាន​ភ្ជាប់​គ្នា​រវាង​ខេត្ត Daraa និង​តំបន់ទ្រនាប់​ជាមួយ Golan ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​នៅ​ភាគ​ខាងលិច​។​

អ្នកចរចា​របស់​ក្រុមប្រឆាំង​និង​ក្រុម​ឃ្លាំមើល​មួយ​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រោម​សម្ពាធ​, ពួក​ឧទ្ទាម​បាន​យល់ព្រម​ប្រគល់​ខេត្ត Quneitra និង​តំបន់ទ្រនាប់​ទៅ​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល។

លោក Rami Abdel Rahman ប្រធាន​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលជា​ក្រុម​ឃ្លាំមើល​មួយ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា “​កិច្ចព្រមព្រៀង​នេះ​បានផ្តល់​នូវ​បទ​ឈប់​បាញ់ ប្រគល់​អាវុធ​ធុន​ធ្ងន់​និង​ធុន​មធ្យម​និង​ការវិលត្រឡប់​របស់​ស្ថាប័ន​រដ្ឋាភិបាល​ទៅ​តំបន់​នោះ​វិញ​”​។​

លោក​បាន​បន្ថែមថា កងកម្លាំង​ស៊ី​រីនឹង​កាន់កាប់​ទឹកដី​របស់​ក្រុមប្រឆាំង​នៅក្នុង​តំបន់ទ្រនាប់​ហើយ​ពួក​ឧទ្ទាម​មួយចំនួន​នឹងត្រូវ​គេ​ដឹក​តាម​ឡានក្រុង​ទៅកាន់​ទឹកដី​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

យោងតាម​ក្រុម​ឃ្លាំមើល​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​មិន​រាប់បញ្ចូល​ក្រុម Hayat Tahrir al-Sham ដែលជា​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​ពួក​ជី​ហា​ដដែល​បាន​កាន់កាប់​ដែនដី​នៅជាប់​នឹង​ខេត្ត Quneitra និង Daraa នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu