ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានី មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅចុះសួរសុខទុក្ខនិងជំរុញអោយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជូនប្រជាពលរដ្ឋនៅសហគមន៍អណ្តូង ចំនួន៥សហគមន៍ ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំកាលពីថ្ងៃ២៩ ខែកក្កដា កន្លងមកនេះ។
លោកឃួង ស្រេងក្នុងឱកាសនៃការសួរសុខទុក្ខនោះ ក៏បានបើកអោយដំណើរការឡដុតសំរាមមួយកន្លែងនៅសហគមន៍អណ្តូង ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ។ក្រៅពីនោះលោកអភិបាលរាជធានីភ្នំពេញក៏បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាលូ ផ្លូវបេតុង និងការតភ្លើងបំភ្លឺសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះផងដែរ។
សហគមន៍ ចំនួន៥សហគមន៍ ដែលលោកអភិបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខនិងយកចិត្តទុកដាក់នេះរួមមានសហគមន៍អណ្តូង១ អណ្តូង២ អណ្តូង៤ សហគមន៍អណ្តូងថ្មីរុងរឿង និងសហគមន៍សុព័រស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលជាសហគមន៍ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធររាជធានីភ្នំពេញកន្លងមក។
ពាក់ព័ន្ធនឹងការបង្កើតអោយ ឡតដុតសំរាមមួយកន្លែងនៅសហគមន៍អណ្តូងថ្មីរុងរឿង ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅនេះ បើតាមការបញ្ជាក់អោយដឹងពីលោកភោគ សុខខឿន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រែកព្នៅថា ឡដុតសំរាមនេះបានបង្កើតឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ ដោយក្នុង១ថ្ងៃ ឡដុតសំរាមនេះអាចដុតសំរាមបានប្រមាណពី១តោនទៅ៣តោន ដែលអាចជួយធ្វើអោយសហគមន៍ខាងលើអាចដោះស្រាយលើបញ្ហាសំរាមនេះបាន។
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសួរសុខទុក្ខនិងចុះមើលពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទាំងប៉ុន្មានខាងលើហើយ លោកឃួង ស្រេង នូវបានបន្តដំណើរទៅពិនិត្យមើលការដ្ឋានធ្វើផ្លូវ ធ្វើលូអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍សំរោងមានជ័យ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខបន្តទៀត ដោយលោកអភិបាលបានជំរុញអោយក្រុមការងារដែលទទួលការស្ថាបនាផ្លូវនិងលូខាងលើ ស្ថាបនាអោយបានលឿន ដើម្បីជួយសម្រួលការលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នេះ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមន៍ខាងលើ ជាប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមន៍មិនរៀបរយ ប៊ូលឌីញ សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០០៦ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរហូត មកដល់បច្ចុប្បន្ន សហគមទាំងអស់នោះ ទទួលបានការអភិវឌ្ឍរីកចម្រើន ទាំង ផ្លូវ លូ ទឹក ភ្លើងបំភ្លឺ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនផ្សេងទៀត៕
Source: Kampuchea Thmey Daily
0 Comments