Ad Code

ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​រាប់​សន្លឹកឆ្នោត​ បន្ទាប់ពី​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ



ការរាប់​សន្លឹកឆ្នោត​កំពុងដំណើរការ​នៅ​ថ្ងៃ​អង្គារ​ក្នុងប្រទេស​ហ្សី​ម​បា​វ៉េ​ បន្ទាប់ពី​ការបោះឆ្នោត​ដែលមាន​អ្នកចូលរួម​ធំ​បំផុត​សម្រាប់​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​មេដឹកនាំ​កាន់តំណែង​យូរអង្វែង​លោក Robert Mugabe ត្រូវបាន​ទម្លាក់​។​

លោក​ប្រធានាធិបតី Emmerson Mnangagwa ដែលជា​អតីត​ដៃស្តាំ​របស់​អតីត​ប្រធានាធិបតី Mugabe ក្នុង​គណបក្ស ZANU-PF កំពុងកាន់​អំណាច​ត្រូវ​ប្រឈមមុខ​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង Movement for Democratic Change (MDC) លោក Nelson Chamisa នៅក្នុង​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​។​

នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​រដ្ឋធានី Harare, ក្រុមមន្ត្រី​បាន​រាប់​សន្លឹកឆ្នោត​ដែល​ពូន​ជា​គំនរ​ធំៗ​ដោយ​ប្រើ​ចង្កៀង​ឧស្ម័ន​និង​ពន្លឺ​ទៀន​នៅពេល​យប់​។​

មន្ត្រី​ដែល​ត្រួតពិនិត្យ​ការបោះឆ្នោត​បាន​និយាយថា មានការ​ប៉ាន់ប្រមាណ​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ប្រហែល​៧៥​ភាគរយ​គិត​ត្រឹម​ម៉ោង​៤​ល្ងាច​កាលពី​ថ្ងៃ​ចន្ទ​។​
​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​ហ្សី​ម​បា​វ៉េ (ZEC) លោកស្រី Priscilla Chigumba បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Harare ថា “​ទស្សនៈ​របស់​យើង​គឺថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់​គឺ​បង្ហាញ​ពី​អ្នកបោះឆ្នោត​ដែល​ទទួល​ការអប់រំ​និង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​”​។​

ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​ដែល​ធ្លាប់​ត្រូវ​ហាមឃាត់​ពីមុន​បាន​បង្ហាញថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​ហាក់ដូចជា​ខ្ពស់​ប៉ុន្តែ​បាន​ព្រមាន​អំពី “​កំហុសឆ្គង​” ក្នុងការ​បោះឆ្នោត​។​

ខណៈដែល​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​៥.៦​លាន​នាក់​នោះ លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី រដ្ឋសភា​និង​ឃុំ​សង្កាត់​គឺ​នឹង​ចេញ​នៅ​ថ្ងៃទី​៤​ខែសីហា​។​

ការបោះឆ្នោត​ជុំ​ទី​ពីរ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៨​ខែកញ្ញា​ប្រសិនបើ​គ្មាន​បេក្ខជន​ប្រធានាធិបតី​ណា​ម្នាក់​ឈ្នះ​សំឡេង​យ៉ាងហោចណាស់​៥០​ភាគរយ​ទេនោះ​។​

លោក Mugabe អាយុ​៩៤​ឆ្នាំ​ដែល​ត្រូវបាន​បណ្តេញចេញ​ដោយ​យោធា​កាលពី​ខែវិច្ឆិកា​គឺ​បាន​បោះឆ្នោត​នៅឯ​ការិយាល័យ​បោះឆ្នោត​ប្រពៃណី​របស់គាត់​ក្នុង​ទីក្រុង Harare រួមជាមួយ​នឹង​ភរិយា​ឈ្មោះ Grace បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​រយៈពេល​ពី​រ​ម៉ោង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅផ្ទះ​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​នៅពេលដែល​គាត់​បាន​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​ទម្លាក់​គណបក្ស ZANU-PF៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu