ភ្នំពេញ ៖ បុរសម្នាក់នេះ លួចចេញវីដេអូនិយាយពីក្រោយខ្នងខ្ញុំ ហើយCaptionរបស់គាត់សរសេរបង្ខូចកិត្តិយសខ្ញុំយ៉ាងសាហាវតែសុទ្ធជារឿងមិនពិត។ គាត់ចង់ថាខ្ញុំមានថ្ងៃនេះដោយសារគាត់ មួយទៀតគាត់ចង់បង្អួតពិភពលោកថាខ្ញុំនិងគាត់មានទំនាក់ទំនងពិសេស? ពិតជាអាក្រក់មែនតែគួរអោយចង់សើចនៅពេលបងៗខ្ញុំនិងខ្ញុំសួរទៅគាត់ គាត់បែរជាស្លន់ស្លោ ឆ្លើយទាំងរដិបរដុបទៅមុខទៅក្រោយ មិនចំសំនួរ និងលែងក្លាហានដូចកាលនិយាយពីដំបូងព្រោះគាត់ភ្ញាក់ផ្អើលមិននឹកស្មានថាការនិយាយបោកប្រាស់របស់គាត់ត្រូវអាក់ខានដោយសារបងប្អូនខ្ញុំបានឃើញហើយចូលទៅសួរចំៗដូច្នេះ។ នេះបើតាមការរៀបរាប់របស់អ្នកនាង ម៉េង កែវពេជ្ជតា។
តារាចម្រៀងសំឡេងពីរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយទៀតថា ខ្ញុំចង់ប្រាប់វិញថា ខ្ញុំមានកិត្តិយសរាល់ថ្ងៃដោយសារឈាមឪពុកម្តាយខ្ញុំ និងការចូលរួមជ្រោមជ្រែងដំបូងបង្អស់ពីលោកជំទាវ ចាន់ ធី ជាមួយលោកឪពុកខ្ញុំប៉ុណ្ណោះ។ បន្ទាប់មកមានថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ថ្នាក់ដឹកនាំនៅក្រសួងវប្បធម៌ និងនាយកដ្ឋានសិល្បៈ ក្នុងឆ្នាំ១៩៨៦។ ខ្ញុំអាយុ ១០ឆ្នាំនិងចុងក្រោយបន្ទាប់ពីខ្ញុំមានកិត្តិសព្ទល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសហើយគឺបណ្តាផលិតកម្មនានា ដែលមិនមែនជាលោកឈ្មោះ កង្កែបបោក នេះជាអ្នកជ្រោមជ្រែងឡើយ។
អ្នកនាង ម៉េង កែវពេជ្ជតា បន្តថា ឯរឿងថាខ្ញុំមានទំនាក់ទំនងពិសេសនិងពាក្យសម្បថអ្វីនោះ គឺជាសាច់រឿងដែលគាត់តាក់តែងឡើងដើម្បីទាក់ទាញមហាជនអោយលង់ជឿប៉ុណ្ណោះ។ ដែលខ្ញុំShare liveពីគាត់មកនេះព្រោះខ្ញុំចង់អោយពិភពលោកបានភ្លឺភ្នែកផងថារាល់ការផុសនិយាយអាក្រក់ពីខ្ញុំសុទ្ធតែមិនពិត ព្រោះរឿងប្រឌិតកាត់តទាំងឡាយផ្តើមចេញពីក្រុមមនុស្សមាត់ស្អុយស៊ីឈ្នួលជេរបញ្ចោរអោយបក្សដើម្បីដូរបាយហូបមកដើរតួបន្លំជាទស្សនិកជនគឺមិនមែនចេញពីអ្នកល្អជាឡើយ។
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងទៀតថា គាត់ធ្វើការជាក្រុមបំបែកគ្នាលួចធ្វើសកម្មភាពវាយប្រហារពីក្រោយខ្នងកំសាកបំផុត ហើយពួកគេជំនាញខាងជេរបញ្ចោរអាវ៉ាសែដោយយកលេសផ្សេងៗមកចោទប្រកាន់យ៉ាងថោកទាប ចោទសម្លាប់ ចោទលុះគាត់ក្ស័យដូចសម័យប៉ុលពតដើម្បីធ្វើយ៉ាងណាបំផ្លាញប្រជាប្រិយភាពខ្ញុំអោយបាននិងបានចំណេញនយោបាយផង។
ជាក់ស្តែងវីដេអូពីបុរសម្នាក់នេះអាចបង្ហាញអោយបងប្អូនឃើញច្បាស់មិនពិបាកប្រាប់ថា គាត់កំពុងអង្គុយគូររូបលាបពណ៌អោយខ្ញុំបងប្អូនក៏មិនបាច់ឆ្ងល់ដែរថាតើនរណាជាអ្នកបំផ្លាញខ្មែរ? នរណាជាអ្នកសម្លាប់ខ្មែរ? ហើយនរណាជាអ្នកបំផ្លាញធនធានសិល្បៈខ្មែរ? រាល់ពេលតែងស្រែកថា ស្រលាញ់យុត្តិធម៌ការពារសិល្បៈខ្មែរ តែពេលគេមិនតាមចិត្តខ្លួនក៏ចោទថា ជាខ្មាំងជាជនក្បត់ជាតិ លក់ជាតិ លក់ក្បាល លក់ទាំងខ្លួន និងប្រើវិធីបំផ្លាញគ្រវែងចោលយ៉ាងព្រៃផ្សៃ។ អ្នកនាង ម៉េង កែវពេជ្ជតា និយាយ។
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និយាយទៀតថា បើខ្លួនយករបស់ហ្នឹងមិនបានទេ ក៏គ្មានអាណាយកបានដែរ។ នេះជាគោលការណ៍របស់គាត់ក្នុងនាមខ្ញុំជាជនរងគ្រោះខ្ញុំសូមអំពាវនាវដល់បណ្តាមហាជនទាំងឡាយ សូមលោកមេត្តាពិចារណាលើគ្រប់ទង្វើរបស់ពួកគាត់នេះអោយមែនទែន មិនត្រូវជឿអ្វីដែលឃើញ ជឿអ្វីដែលត្រឹមតែឮហើយមកស្អប់ខ្ញុំដោយខ្វះការពិចារណាទេ ។ខ្ញុំសូមបញ្ជាក់ជូនថា ពេជ្ជតា ជាតារាត្រូវការក្តីស្រលាញ់ពីទស្សនិកជនណាស់រឿងអីដែលខ្ញុំត្រូវជេរទស្សនិកជន ? Impossible ! មិនអាចទៅរួចទេ។នាងខ្ញុំតែងគោរពទឹកចិត្តទស្សនិកជន មិនរើសអើងអ្នកមានអ្នកក្រ ពណ៌សម្បុរ ឬនិន្នាការអ្វីទាំងអស់ ។
អ្នកនាង ម៉េង កែវពេជ្ជតាបានរៀបរាប់ទៀតថាខ្ញុំតែងបានធ្វើអំពើល្អគ្រប់គ្រាន់មិនបាច់ខ្ញុំបរិយាយ គឺមានមនុស្សជុំវិញខ្លួនខ្ញុំជាសាក្សី ហើយមួយជីវិតនេះខ្ញុំតែងលះបង់ការពារសិល្បៈវប្បធម៌ខ្មែរមិនដែលទុកចោលឡើយ។ ប៉ុន្តែមូលហេតុដែលធ្វើអោយខ្ញុំតបឆ្លើយនោះរឿងហេតុដំបូងវាកើតចេញពីការចូលមក Comment ជេរបញ្ចោរខ្ញុំដោយសម្តីបាតផ្សារមាក់ងាយអាក្រក់ហួសវិស័យពីមនុស្សពីរ បីនាក់ក្នុងពេលខ្ញុំកំពុង live ច្រៀងលេងតែខ្ញុំសោះ ។ បើជាលោកអ្នកក៏គង់តែក្រេវក្រោធចៀសមិនផុត ។ ខ្ញុំធ្វើអ្វីសុទ្ធតែមានហេតុផល តែពួកឆ្លៀតឱកាសចង់បំបាក់ប្រជាប្រិយភាពខ្ញុំគេផ្តាច់ការណាស់ គ្មានហេតុផលទេ ។
កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បន្ថែមទៀតថា សូមបញ្ជាក់ថាខ្ញុំមិនបានជេរអ្នកល្អទេ សូមកុំរើសដាក់ខ្លួន តែជាការតបឆ្លើយទៅមនុស្សអាក្រក់ទាំងនោះប៉ុណ្ណោះដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសយ៉ាងច្បាស់ៗថា ពេជ្ជតា មិនសូមទោសចំពោះមនុស្សធុននេះជាដាច់ខាត។មិនសូមទោសទេ កុំសង្ឃឹម !។ ខ្ញុំសូមបញ្ចប់អត្ថបទមួយនេះសិនបើបងប្អូនចូលខមិនសូមអញ្ជើញដោយសេចក្តីថ្លៃថ្នូរបើមិនដូច្នេះទេ អ្នកដែលថោកទាបគឺជាអ្នកឯង។ គោរពជូនពរលោកអ្នកទាំងឡាយដែលអាណិតស្រលាញ់នាងខ្ញុំសូមមានក្តីសុខសាន្តកុំបីមានរំខានពីខ្មាំងសត្រូវណាឡើយ ហើយក៏កាន់តែមានបានសម្បូរសប្បាយជោគជ័យ។ គោរព ស្រលាញ់ទស្សនិកជនដោយស្មោះគួរពុំគួរសូមអធ្យាស្រ័យផង សូមអរគុណ៕
Source: Kampuchea Thmey Daily
0 Comments