បន្ទាយមានជ័យ ៖ ជនជាតិថៃម្នាក់ មកស្នាក់នៅក្នុងកាស៊ីណូ៥ឆ្នាំ ងុបនឹងល្បែងចាញ់លុយអស់បែកគំនិតដើរលួចក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ត្រូវអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបាននៅវេលាម៉ោង ១១យប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះយ៉ាង ឆុងកៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិថៃ មានស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ស្នាក់នៅមិនពិតប្រាកដតាមកាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែតក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះរបស់ឈ្មោះ ញ៉ឹក សុចិន្តា ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសាកបញ្ចូលថ្មទូរស័ព្ទក្នុងតូបលក់ឥវ៉ាន់របស់ខ្លួន ពេលកំពុងតែរវល់លក់ដូរ ស្រាប់តែជនសង្ស័យ បានចូលមកលួចយកទូរស័ព្ទក្នុងតូប ហើយក៏រត់គេចចេញតែម្តង តែត្រូវជនរងគ្រោះស្រែកឆោឡោ រាយការណ៍ឲ្យកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ មកអន្តរាគមន៍ចាប់បានភ្លាមៗ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្ថែមថា ផ្អែកតាមការបំភ្លឺរបស់ជនរងគ្រោះ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញថា ជនសង្ស័យពិតជា បានប្រព្រឹត្តបទល្មើស អំពើលួច យ៉ាងពិតប្រាកដ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments