Ad Code

មក​លួច​ធុងបាស​គេ​ម្តង​ហើយ​មិនបាន​សម្រេច មក​ប៉ង​លួច​ម្តង​ទៀត​ត្រូវ​ម្ចាស់​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច



ភ្នំពេញ ​៖ បុរស​ម្នាក់​ ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាមច្បាប់ កាលពី​រសៀល​ ថ្ងៃទី​២៤​ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​សង្ស័យ​ថា ជា​ចោរ​ធ្លាប់​ចូល​មក​លួច​ទ្រព្យ​គេ​ម្តង​ហើយ​មុន​នេះ​១​ថ្ងៃ​តែ​មិនបាន​សម្រេច​រត់​គេច​ខ្លួន​។

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ពេជ្រ សីហា អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក​កួយ រដ្ឋា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បាន​រៀបរាប់​ថា នៅមុន​ពេល​កើតហេតុ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០១៨ នេះ គាត់​បាន​ទុក​ធុងបាស​ប្រភេទ​វ៉ា​លី សម្រាប់​ចាក់​បទ​ចម្រៀង​ស្តាប់ នៅក្នុង​ការដ្ឋាន​សំណង់ ហើយ​ចេញ​មក​ធ្វើការ​។

នៅ​ខណៈនោះ ជនសង្ស័យ​ខាងលើ​បាន​ចូល​មក​លួច​យក​ធុងបាស​នេះ​ចេញទៅ​ហើយ​នៅ​គ្រា​នោះ​ដែរ ​មាន​កម្មករ​សំណង់​ដូចគ្នា​បានឃើញ​ជនសង្ស័យ​ខាងលើ​កាន់​យក​ធុងបាស​នេះ​ដើរចេញ​ក៏​ហៅ​សួរនាំ តែ​ជនសង្ស័យ​បាន​ទម្លាក់​ធុងបាស​នេះ​ចោល​រួច​រត់​ផ្លោះ​ឡើងលើ​របង​គេចខ្លួនបាត់​តែម្តង​។

​ជនរងគ្រោះ​បាន​បន្ត​ថា លុះ​ស្អែក​ឡើង​ជនសង្ស័យ​រូបនេះ​បាន​លបចូល​មក​ប៉ង​លួច​ម្តងទៀត ដោយ​មកឈរ​អែប​ក្បែរ​ឡាន ហើយ​កម្មករ​ដដែល​នោះ​បាន​ឃើញ​ស្គាល់មុខ​ក៏បាន​មក​ប្រាប់​ជនរងគ្រោះ ទើប​ជនរងគ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់​មក​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្តង​។

​ចំណែក​ជនជាប់ចោទ​បាន​ប្រកែក​ដោះសា​រថា​ខ្លួន​មិនបាន​លួច​យក​ធុងបាស​នោះ​​ទេ ប៉ុន្តែ​ដោយសារ​មាន​សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​មក​អះអាង​និង​ចង្អុលមុខ​ទើប​ព្រម​សារភាព។

​ប៉ូលិស​បាន​និយាយ​ថា ជនសង្ស័យ​រូប​នេះ​មានទោស​ដល់​ទៅ​២​ករណី​ឯណោះ​ទី​១​មានទោស​ប៉ង​លួច​ទ្រព្យសម្បត្តិ​គេ ទី​២​មានទោស​ពី​បទ​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ ដោយ​ពិនិត្យ​ទឹកនោម​របស់​គាត់​មាន​ផ្ទុក​សារធាតុ​ញៀន​ផង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu