កណ្ដាល ៖ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី១៧ខែកក្កដា ឆ្នាំ១០១៨ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នចំពោះ បុរសម្នាក់បានប្រព្រឹត្តអំពើផ្លូវភេទលើក្មេងស្រីមានសតិមិនគ្រប់ក្រោមបទចោទប្រកាន់"រំលោភសេពសន្ថវះ" ប្រព្រឹត្តឡើងនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់នគរបាលស្រុកពញាឮបានអោយដឹងថា ជនរងគ្រោះឈ្មោះវ ម ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (សតិមិនសូវគ្រប់)។
សាក្សីបានអោយដឹងថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ជនរងគ្រោះនៅផ្ទះម្នាក់ឯង។ ឯម្តាយបានដើរទៅទិញសាប៊ូនៅផ្ទះតៀមរបស់ឈ្មោះរ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ។ ចំណែកឪពុកទៅធ្វើសំណង់ឃើញឱកាសល្អជនសង្ស័យបានលបចូលក្នុងបន្ទប់ ជនរងគ្រោះ។ មួយសន្ទុះម្តាយជនរងគ្រោះត្រឡប់មកពីទិញសាប៊ូវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួន ហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែសំយាកមុខផ្ទះ។ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះជន់ ខួចដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែសំយាកមុខផ្ទះជាមួយគ្នា ហើយក៏ធ្វើការសួរនាំទាំងកូនរបស់ខ្លួន ទាំងជនសង្ស័យបានអោយដឹង ថា កូនស្រីរបស់គាត់ត្រូវជនសង្ស័យខាងលើចាប់រំលោភតែមិនដល់ស៊ីជំរៅទេ។
ក្រោយមកឪពុកជនរងគ្រោះចេញពីធ្វើការសំណង់មកដល់ផ្ទះដឹងពីហេតុការណ៍ ក៏នាំខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ នៅចំពោះមុខក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលក្នុងបន្ទប់ចាប់រំលោភជនរងគ្រោះប្រាកដមែន តែមិនទាន់ស៊ីជម្រៅទេ។ ក្រោយពីមានចម្លើយ និងភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធិច្បាប់៕
Source: Kampuchea Thmey Daily
0 Comments