ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះរកអ្នកខ្លាំង ដើម្បីឈានទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គ.ក្រ ជាមួយអ្នកប្រដាល់ថៃ នៅសង្វៀនបាយ័នស្ទឹងមានជ័យ បានឈានដល់ជុំចុងក្រោយហើយនៅយប់ថ្ងៃសុក្រទី២០កក្កដា២០១៨នេះ។
សម្រាប់ការប្រកួតជម្រុះជុំចុងក្រោយនេះ មានចំនួន២គូ ដែលជាការប្រកួតរវាងបឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាកថិតក្នុងពូលA និងខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ពូលB ហើយមួយគូទៀតជាការជួបគ្នារវាងសយ សី អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យថិតក្នុងពូលB និង ប៊ុន សុធា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិពូលB។
សម្រាប់ការប្រកួតជុំចុងក្រោយនេះ បឺត សង្ឃឹម និងខេម ចាន់ដែលថិតក្នុងពូលA គឺត្រូវការឈ្នះដូចគ្នា ដើម្បីបានកក់កៅអីឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ហើយ ខណះដែលក្នុងពូលAនេះ ចាន់ សាន់ គេកក់កៅអីបាន១រួចទៅហើយ ដោយក្នុង៣ប្រកួតគេឈ្នះ២ ចាញ់១ប្រកួត មាន៧ពិន្ទុ ។
បឺតសង្ឃឹម ២ប្រកួតកន្លងមក គឺឈ្នះ១ចាញ់១ មាន៤ពិន្ទុ ហើយខេម ចាន់ ក៏មាន៤ពិន្ទុដែរ គឺឈ្នះ១ ចាញ់១ប្រកួតដូចគ្នា ។ ដូច្នេះក្នុងជុំចុងក្រោយនេះ អ្នគណាឈ្នះ អ្នកនោះបានឡើងទៅហើយ ។ រវាង បឺត សង្ឃឹម និង ខេម ចាន់នេះ មិនដែលប៉ះគ្នាម្តងណានៅឡើយទេពីមុនមក ។ដូច្នេះចាំមើល
តើនរណាឈ្នះពីរនាក់នេះ ?។
ចំពោះពូលB សយ សី និង ប៊ុនសុធា ក៏ត្រូវការឈ្នះដូចគ្នាដែរ ។ប៊ុន សុធា បើទោះជា២ប្រកួតកន្លងមក គេឈ្នះទាំង២ប្រកួត មាន៦ពិន្ទុក្តី គេក៏ត្រូវការឈ្នះទៀតដែរសម្រាប់១ប្រកួតចុងក្រោយនេះ ។
សយ សី ទោះជាមាន៤ពិន្ទុ ក្នុងពីរប្រកួតកន្លងមកក្តី ក៏គេត្រូវការឈ្នះជាចាំបាច់ដែរ ដើម្បីបានឡើង ។ ពីរប្រកួតកន្លងមករបស់សយ សី គឺឈ្នះ១ចាញ់១ប្រកួត ។ ១ប្រកួតចុងក្រោយនេះ សយសីបើចាញ់គឺមិនបានលេខ២ក្នុងពូលទេ ព្រោះក្នុងពូលBនេះផានផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា នឹងត្រូវជាប់លេខ២ក្នុងពូល ។
រវាងប៊ុន សុធា និង សយ សីនេះ ពួកគេទាំងពីរធ្លាប់ប៉ះគ្នាម្តងហើយកន្លងមក ដោយសុធាវាយឈ្នះសយសីដោយពិន្ទុ ។ ទោះជាយ៉ាងណា ប៉ុន្តែបើតាមការកត់សម្គាល់ឃើញពីក្នុងការប្រកួតរបស់ពីរនាក់នេះ គឺសយ សី ទំនងជាមិនអាចយកឈ្នះប៊ុន សុធាបាននោះឡើយ ។
ទោះជាយ៉ាងណា ការប្រកួតនៅជុំចុងក្រោយនេះ អ្នកប្រដាល់ម្នាក់ៗសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីយកពិន្ទុអោយបានច្រើន សម្រាប់ឈានទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គ.ក្រនោះ ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះរកអ្នកខ្លាំង ដើម្បីឈានទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គ.ក្រជាមួយអ្នកប្រដាល់ថៃនោះ មានអ្នកប្រដាល់កម្ពុជាចំនួន៨ រូប ចែកជាពីរពូល ក្នុងមួយពូលមាន៤រូប ដែលត្រូវធ្វើការប្រកួតជំរុះវិលជុំសន្សំពិន្ទុក្នុងពូល ។ ពូលA រួមមាន ១- កីឡាករចាន់ សាន់ ក្លិបនិរោធមានជ័យ ២- កី ឡាករបឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ៣-កីឡាករខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ៤- កីឡាករ រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ។ ឯពូលBមាន ១-កីឡាករវុត្ថា ណាវី ក្លិបអង្គរធំគុនខ្មែរ ២- កីឡាករសយ សី ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ៣- កីឡាករប៊ុន សុធា ក្លិបក្រសួងការពារជាតិ ៤- កីឡាករ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា។
ការប្រកួតជម្រុះវិលជុំសន្សំពិន្ទុក្នុងពូលនេះ អ្នកប្រដាល់ម្នាក់ៗ ត្រូវជួបប្រកួតគ្នាក្នុងពូលចំនួន៣ប្រកួតម្នាក់ ដោយអ្នកដែលមានពិន្ទុច្រើនជាងគេ គឺជាប់លេខ១និងលេខ២ក្នុងពូល នឹងត្រូវបានឡើងទៅប្រកួតជាមួយថៃ ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ ។
ក្នុងការប្រកួតជម្រុះនេះ គឺតម្រូវជ្រើសរើសយកអ្នកខ្លាំងចំនួន៥រូប ពីការប្រកួតជម្រុះនេះ ដើម្បីទៅជួបជាមួយអ្នកប្រដាល់ថៃចំនួន៥រូប សម្រាប់វាយដណ្តើមខ្សែក្រវាត់ ។
សូមបញ្ជាក់អោយដឹងថា ៥រូបដែលរើសចេញពីការប្រកួតជម្រុះនោះ គឺជាអ្នកដែលទទួលបានលេខ១លេខ២ក្នុងពូលAនិងពូលB ហើយ១រូបទៀតនោះ គឺចម្រាញ់ចេញពីអ្នកជាប់លេខ៣ក្នុងពូលAនិងពូលB អ្នកណាឈ្នះ អ្នកនោះនឹងបានក្លាយទៅជាអ្នកទី៥បានទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់៕
Source: Kampuchea Thmey Daily
0 Comments