នៅថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា ក្មេងប្រុសទាំង១២នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំនៅក្នុងប្រទេសថៃគឺបានចាកចេញពីមន្ទីរពេទ្យហើយនិងបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូង។
ក្រុមកីឡាបាល់ទាត់ “ជ្រូកព្រៃ” ត្រូវបានគេអនុញ្ញាតឲ្យចាកចេញមុនពេលកំណត់មួយថ្ងៃហើយអាជ្ញាធរជឿជាក់ថា ការសាកសួរនិងចម្លើយមុនពេលពួកគេធ្វើដំណើរទៅផ្ទះគឺនឹងបំពេញនូវចំណាប់អារម្មណ៍ដ៏ធំធេងនៅក្នុងរឿងរ៉ាវរបស់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Sunsern Kaewkumnerd បានប្រាប់ AFP ថា “ហេតុផលក្នុងការធ្វើសន្និសីទកាសែតនៅល្ងាចនេះគឺឲ្យប្រព័ន្ធផ្សព្វផ្សាយអាចសួរពួកគេនូវសំណួរហើយបន្ទាប់ពីនោះពួកគេអាចត្រឡប់ទៅរស់នៅក្នុងជីវិតធម្មតារបស់ពួកគេវិញដោយគ្មានប្រព័ន្ធផ្សព្វផ្សាយរំខានពួកគេ”។
ប៉ុន្តែខណៈដែលអ្នកជំនាញបានព្រមានអំពីការធុញថប់យូរអង្វែងដែលអាចកើតមានពីការធ្វើទុក្ខបុកម្នេញនៅក្នុងរូងភ្នំ Tham Luang នៅភាគខាងជើងប្រទេសថៃនោះ, សន្និសីទកាសែតនេះនឹងត្រូវបានពិនិត្យមើលយ៉ាងដិតដល់។
ដោយត្រូវបានគេហៅថា “ការបញ្ជូនក្រុមជ្រូកព្រៃទៅផ្ទះវិញ” និងត្រូវបានផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ធំៗនោះ លោក Sunsern បាននិយាយថា សន្និសីទនេះនឹងមានរយៈពេលប្រហែល៤៥នាទី។ លោកបានបន្ថែមថា វានឹងត្រូវបានធ្វើឡើងនៅក្នុងរចនាបថផ្លូវការមួយដោយមានអ្នកសម្របសម្រួល។
លោកបាននិយាយថា “ពួកគេទំនងជាត្រឡប់ទៅផ្ទះវិញភ្លាមៗបន្ទាប់ពីសន្និសីទកាសែត”។
ទន្ទឹមនោះ មេដឹកនាំយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយមានការប្រុងប្រយ័ត្នក្នុងការសួរសំណួរមិនសំខាន់ដែលអាចបង្កការខូចខាតមិនច្បាស់លាស់។
លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថា “សព្វថ្ងៃនេះអ្វីៗទាំងអស់មានភាពល្អរួចទៅហើយរួមទាំងការយល់ឃើញនៅបរទេសផងដែរ។ គ្មានអ្វីប្រសើរជាងនេះទេដូច្នេះយើងមិនគួរធ្វើឲ្យវាកាន់តែអាក្រក់ឡើយ”។
វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានដល់ក្រុមគ្រួសារនៃក្មេងប្រុសដែលមានអាយុពី១១ទៅ១៦ឆ្នាំទាំងនេះថា ក្រុមគ្រួសារគួរជៀសវាងការអនុញ្ញាតឲ្យពួកគេទាក់ទងជាមួយអ្នកកាសែតយ៉ាងហោចណាស់មួយខែបន្ទាប់ពីពួកគេបានចាកចេញពីមន្ទីរពេទ្យ។
ថ្វីបើពួកគេនិងគ្រូបង្វឹករបស់ពួកគេត្រូវបានគេនិយាយថាមានសុខភាពល្អខាងផ្លូវចិត្តនិងរាងកាយក៏ដោយប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយថា ការត្រួតពិនិត្យផ្លូវចិត្តបន្ថែមទៀតនឹងត្រូវបានផ្តល់ឲ្យដើម្បីរកមើលការប៉ះទង្គិច៕ AFP
Source: Kampuchea Thmey Daily
0 Comments