ភ្នំពេញ ៖ តារាសម្តែងស្រីច្បាមបានឱកាសទីផ្សារសម្តែងច្រើនគួរឲ្យកត់សម្គាល់កញ្ញាពេជ្រ ចរណៃ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះបាននាំយកអំណោយសប្បុរសជនរួមទាំងថវិកាផ្ទាល់ខ្លួនទៅចែកជូនដល់លោកយាយលោកតា និងជនពិការជាថ្មីស្ថិតនៅក្នុងទឹកដីខេត្តស្វាយរៀងនិងព្រៃវែង។
តារាសម្តែងវ័យជាង២០ឆ្នាំ មានដើមកំណើតមកពីទឹកដីខេត្តបន្ទាយមានជ័យកញ្ញា ពេជ្រ ចរណៃ បាននិយាយឲ្យដឹងទាំងទឹកមុខស្រស់ស្រាយ និងស្នាមញញឹមថា មូលហេតុចំបង ដែលជំរុញទឹកចិត្តឲ្យនាងបន្តនូវសកម្មភាពមនុស្សធម៌ជួយសង្គមព្រោះតែកន្លងមកនាងក៏ធ្លាប់ជួបប្រទះនូវការលំបាកនិងឆ្លងកាត់ជីវិតជាក្មេងកំព្រា ដូច្នេះហើយរាល់ពេលឃើញការលំបាករបស់លោកយាយលោកតា បងប្អូនខ្វះខាត ឬក្មេងៗនៅទីជនបទដាច់ស្រយាលគឺខ្លួនតែងតែមានទឹកចិត្តអាណិតអាសូរដល់ពួកគាត់ជានិច្ច។
តារាស្រីដែលពូកែទាំងសម្តែងនិងជាគ្រូក្បាច់គុន….ប្រចាំវត្តថាន់ កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថាសម្រាប់អំណោយ និងថវិកា ដែលត្រូវយកមកចែកជូនដល់លោកតាលោកយាយ និងបងប្អូនពិការស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជុំ និងឃុំ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង រួមទាំងនៅឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង នាពេលនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជាអ្នកជួយឧបត្ថម្ភ។ រីឯមួយផ្នែកទៀតគឺជាថវិកាផ្ទាល់ខ្លួនរបស់នាងនិងក្រុមការងារ។
កញ្ញា ពេជ្រ ចរណៃ បានបន្ថែមថា ចំពោះអំណោយដែលត្រូវបានផ្តល់ជូនលោកយាយ លោកតា និងប្អូនប្រុស-ស្រីជាជនពិការទាំង៤គ្រួសារនោះរួមមាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអៀវ ត្រីខ ទឹកដោះគោ ថ្នាំដុះធ្មេញ ប្រេងកូឡា រួមនឹងថវិកាមួយចំនួនទៀត។ ជាមួយគ្នានេះកញ្ញា ពេជ្រ ចរណៃ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុងនិងក្រៅស្រុកដែលបានចូលរួមបរិច្ចាគថវិកានិងសម្ភារៈមួយចំនួនដើម្បីជួយដល់លោកយាយលោកតា និងប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments