លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា មិនបាច់ត្រូវប្រញាប់ប្រញាល់ទេក្នុងការរំសាយនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅក្រោមកិច្ចព្រមព្រៀងរបស់គាត់ជាមួយលោកគីមជុងអ៊ុន។ នេះជាការផ្លាស់ប្ដូរមួយខុស ពេលដែលមេដឹកនាំអាមេរិករូបនេះនិយាយថា ដំណើរការនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “កិច្ចពិភាក្សាកំពុងបន្តហើយពួកគេនឹងធ្វើបានយ៉ាងល្អ។ យើងគ្មានកំណត់ពេលវេលាទេ យើងមិនកំណត់ល្បឿនឡើយ”។
លោកត្រាំបាននិយាយថា លោកបានពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទនៅឯកិច្ចប្រជុំកំពូលរបស់ពួកគេក្នុងទីក្រុង ហេលស៊ីនគី។
លោក ត្រាំ បាននិយាយថា “លោកប្រធានាធិបតី ពូទីន នឹងចូលរួមជាមួយយើង”។
ប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះបានជួបជាមួយលោក គឹម កាលពីថ្ងៃទី១២ខែមិថុនាសម្រាប់កិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកនៅប្រទេសសិង្ហបុរីដែលក្នុងនោះមេដឹកនាំកូរ៉េខាងជើងបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីប។
ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនបានបញ្ជាក់ពីកាលវិភាគសម្រាប់ដំណើរការនេះឬនិយាយពីរបៀបដែលវានឹងត្រូវបានអនុវត្តនោះទេ។ អ្នកការទូតត្រូវបានគេរំពឹងថានឹងបញ្ចេញព័ត៌មានលម្អិត។
ជាងមួយខែក្រោយមក មិនមានការរីកចម្រើនជាក់លាក់ណាមួយត្រូវបានគេរាយការណ៍ទេហើយកូរ៉េខាងជើងបានត្អូញត្អែរថា សហរដ្ឋអាមេរិកកំពុងធ្វើការទាមទារជាឯកតោភាគី។
មុនពេលកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរគួរតែចាប់ផ្តើមដោយគ្មានការពន្យារពេលហើយបន្ទាប់ពីកិច្ចប្រជុំនោះ វាបាននិយាយថា ដំណើរនេះកំពុងចាប់ផ្តើម “យ៉ាងលឿន”។
សេតវិមានបានសាទរកិច្ចប្រជុំកំពូលរវាងគីមនិងលោត្រាំនៅប្រទេសសិង្ហបុរីថាជាការទម្លាយភាពទាល់ច្រកដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មនិងជំនួយផ្សេងៗទៀតដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច៕ AFP
Source: Kampuchea Thmey Daily
0 Comments