ភ្នំពេញ ៖ លោកសាស្ត្រាចារ្យបណ្ឌិត អាន់តុន ការាជី ( Anton Caragea ) ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប បានវាយ តម្លៃសភាពការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅកម្ពុជាថាមានលក្ខណៈសេរី យុត្តិធម៌និងមានតម្លាភាព ដែលការបោះឆ្នោតនេះ មានលក្ខណប្រជាធិបតេយ្យពិតៗ និង ដោយគ្មានអំពើហិង្សា។
បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅកម្ពុជារួចមកលោកសាស្ត្រាចារ្យបណ្ឌិត អាន់តុន ការាជី (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ នេះបានអញ្ជើញ ប្រគល់របាយការណ៍សង្កេតការណ៍របស់ខ្លួនជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពទីស្តីការ នាយរដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា លោក Anton Caragea បានពាំនាំមកជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវរបាយការណ៍ចុងក្រោយនៃបេសកកម្មសង្កេតការណ៍ការបោះឆ្នោតនីតិកាលទី៦ ក៏ដូចជារបាការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុបពាក់ព័ន្ធការបោះឆ្នោតនៅក្នុងនីតិកាលទី ៦ នៅកម្ពុជា ក៏ ដូចជារបាយការណ៍បឋម និង ចុងក្រោយរបស់អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាលទ្ធផលរបស់សហគមន៍បណ្ឌិតសភាអន្តរជាតិក្នុងនោះបានសំដែងនូវការអបអរសាទរដែលទទួលបាន។
លោកបានសង្កត់ធ្ងន់ថា "ប្រជាជនទៅបោះឆ្នោតមានរហូតជាង ៨២ ភាគរយនោះគឺបានឆ្លុះបញ្ចាំងនូវ ឆន្ទៈ របស់ប្រជាជនកម្ពុជាពិតៗ តាមការសង្កេតនូវក្នុងរបាយការណ៍ទាំងនេះសុទ្ធតែបានអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលការបោះឆ្នោតនៅកម្ពុជាមាន លក្ខណៈសេរី យុត្តិធម៌ តម្លាភាព និង ឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យពិតៗដោយគ្មានអំពើហិង្សា”។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះការសង្កេតការណ៌របស់អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ដែលបាន ផ្តល់នូវភាពយុត្តិធម៌ចំពោះកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោតនីតិកាលទី៦ នេះ។ សម្តេចបានបន្តថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺ ប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វីសូមនិយាយនោះតែម្តងដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពនៃការបោះឆ្នោតរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវផងដែរថា ដំណើរការការបោះឆ្នោតនៅកម្ពុជាដែលស្របទៅតាមរដ្ឋធម្មនុញ្ញ របស់កម្ពុជាគឺត្រូវបោះឆ្នោត៥ឆ្នាំម្តងជាទៀងទាត់ ហើយកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាគឺបានធ្វើអោយគ្រប់គណបក្សទាំងអស់អាចត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតនៅកម្ពុជា មិនដូចទៅនឹងការបោះឆ្នោតនៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រីរំលាយសភាជ្រើសរើសថ្ងៃបោះឆ្នោតតាមការគ្រោងទុករបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាកំពុងតែអនុវត្តទៅបានរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាភិបាលទេសចរណ៍និងពាណិជ្ជកម្មសហគមន៍អឺរ៉ុបត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ដោយមានសមាជិកមកពីប្រទេសទាំង២៧ក្នុងសហគមន៍អឺរ៉ុប។ ក្រុមប្រឹក្សានេះគឺជាស្ថាប័នចាស់ជាងគេនិងមានសារៈសំខាន់ក្នុងសហគមន៍អឺរ៉ុបដែលមានជំនាញលើវិស័យស្រាវជ្រាវ និងផ្សព្វផ្សាយទេសចរណ៍ ដោយមានទីផ្សារអតិថិជនរហូតដល់៨០០ លាននាក់ក្នុងទូទាំងសហគមន៍អឺរ៉ុប៕
Source: Kampuchea Thmey Daily
0 Comments