ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងបន្ថែមពីស្ថានភាពទឹកជំនន់នៅតាមទន្លេមេគង្គក្នុងប្រទេសកម្ពុជា អាចបន្តកើនឡើង២-៣ថ្ងៃបន្ថែមទៀត។
ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ និង ខេត្តកំពង់ចាម បានហក់ឡើងជិតដល់ចំណុចប្រកាស អាសន្នហើយទឹកទន្លេមេគង្គក៏នឹងបន្តឡើងរហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨។
ក្រសួងធនធានទឹកនិងឧតុនិយមលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដានព្យាករណ៍លើស្ថានភាពអាកាសធាតុ និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គលើរួចមក ក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និង សាធារណជនមេត្តាជ្រាបថា ដោយសារមានការធ្លាក់ភ្លៀងជា បន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើននៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និង ប្រទេសឡាវបានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្តកើនឡើង២-៣ថ្ងៃបន្ថែមទៀត។
សេចក្តីជូនដំណឹងដដែលលើកឡើងថា យោងតាមការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជាអាចនឹងកើនឡើងដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ដោយលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។ ក្នុងនោះរួមមាន ៖ នៅថ្ងៃទី០៣ខែសីហាឆ្នាំ២០១៨ទន្លេមេគង្គខេត្តស្ទឹងត្រែងទឹកអាចនឹងកើនឡើងដល់កម្ពស់១១,៤០ម៉ែត្រ(កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ)។ នៅថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ ទន្លេមេគង្គខេត្តក្រចេះទឹកអាចនឹងកើនឡើងដល់កម្ពស់២២,១៥ម៉ែត្រ(កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ)នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨ទន្លេមេគង្គក្នុងខេត្តកំពង់ចាមទឹកអាចនឹងកើនឡើងដល់កម្ពស់១៥,២៥ម៉ែត្រ(កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ)។
ក្រសួងធនធានទឹកនិងឧតុនិយមក៏បានលើកឡើងថា យោងលើស្ថានភាពទឹកដូចបានព្យាករណ៍ និង ជម្រាបជូនខាងលើសូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
Source: Kampuchea Thmey Daily
0 Comments