ភ្នំពេញ ៖ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់ បានលើកឡើងដូចៗគ្នាថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។ លទ្ធផលនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលមានជំនឿទុកចិត្តលើប្រព័ន្ធនយោបាយពហុបក្ស ហើយអត្រាអ្នកទៅបោះឆ្នោតចំនួន ៨២,១៧% គឺជាអត្រាមួយខ្ពស់ឆ្ងាយជាងនៃអត្រាបោះឆ្នោតនៅឆ្នាំ២០១៣ ដែលមានចំនួនត្រឹមតែ ៦៩,១០%ប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំងនូវសេចក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធសង្គមស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។ អង្គការសម្ព័ន្ធសង្គមស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងសម្តែងនូវការដឹងគុណដ៏ស្មោះចំពោះស្ថាប័ន និងអង្គការអន្តរជាតិ អ្នកការទូតបរទេស សមាជិកព្រឹទ្ធសភាបរទេស ដែលមកពីប្រទេសចំនួន ៥២ ក្នុងទ្វីបចំនួន ៥ ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨មកនេះ។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានឲ្យដឹងដែរថា ស្ថាប័ន និងអង្គការអន្តរជាតិ អ្នកការទូតបរទេស សមាជិកព្រឹទ្ធសភាបរទេស ដែលមកពីប្រទេសចំនួន ៥២ ក្នុងទ្វីបចំនួន ៥នោះរួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) , សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី , អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) , មហាសន្និបាតសភាអាស៊ី(APA) , មហាសន្និបាតអន្តរសភាអាស៊ាន(AIPA), អង្គការសហប្រតិបត្តិការសៀងហៃ , អង្គការសង្គមអន្តរជាតិ , ក្រុមប្រឹក្សាយុវជនអាស៊ី(AYC) , សមាគមន៍បញ្ញាវន្ត នៃម៉ូស្លីមឥណ្ឌូនេស៊ី , វិទ្យាស្ថានអនាគត និងសន្តិសុខអឺរ៉ុបមកពីប្រទេសនិយាយភាសាបារាំង , ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន , គណបក្សCPC នៃសាធារណរដ្ឋប្រជាមានិតចិន, អង្គការសង្គមស៊ីវិលចិន , សាធារណរដ្ឋឥណ្ឌូនេស៊ី , សេចក្តីថ្លែងការណ៍របស់អ្នកសង្កេតការណ៍សហព័ន្ធរុស្ស៊ី , សភាជាន់ទាបរបស់សហព័ន្ធរុស្ស៊ី , សភាសម្ព័ន្ធសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី , សភាសម្ព័ន្ធសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី , អង្គការសង្គមស៊ីវិលរបស់សាធារណរដ្ឋនេប៉ាល់ , សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសម៉ាល់ឌ័រ , គណៈកម្មការបោះឆ្នោតនៃប្រទេសម៉ាល់ឌ័រ , មូលនិធិដើម្បីការផ្សះផ្សារនិងអភិវឌ្ឍន៍(US) , ព្រឹទ្ធសមាជិកសភាអាមេរិក និងអ្នកការទូតមកពីប្រទេសទួរគី ហ្វីលីពីន សាធារណរដ្ឋប្រជាមានិតចិន រុស្ស៊ី រ៉ូម៉ានី សាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប៉ាគីស្ថាន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រតិភូអន្តរជាតិបានធ្វើការសង្កេតការណ៍បោះឆ្នោតយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ។ គណៈប្រតិភូអន្តរជាតិទាំងអស់បានតាមដានយ៉ាងដិតដល់ចំពោះយុទ្ធនាការបោះឆ្នោត ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយ និងបានធ្វើការផ្លាស់ប្តូរយោបល់ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកជំនាញការបោះឆ្នោត។ អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ១០៣៦ មកពីអង្គការ និងសមាគមន៍ក្នុងស្រុកចំនួន ៩៣ នៅទូទាំង ២៥ រាជធានី-ខេត្ត ក៏បានចូលរួមសង្កេតការណ៍បោះឆ្នោតឆ្នាំ២០១៨នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments