កាលពីថ្ងៃចន្ទ លោក Donald Trump ហាក់ដូចជាលុបបំបាត់ការគំរាមកំហែងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ដោយនិយាយថា លោកមានឆន្ទៈជួបមេដឹកនាំរបស់ប្រទេសនេះដោយគ្មានការដាក់លក្ខខណ្ឌជាមុន។
បន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃការព្រមានថាអ៊ីរ៉ង់នឹងទទួលរង “ផលវិបាក” នោះ, លោក Trump បានថ្លែងថា លោកនឹងជួបមេដឹកនាំប្រទេសនេះគឺលោក Hassan Rouhani “នៅពេលណាមួយ” ហើយមិនមានលក្ខខណ្ឌជាមុនទេ។
លោក Trump បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមមួយនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte ថា “ខ្ញុំនឹងជួបជាមួយអ៊ីរ៉ង់ប្រសិនបើពួកគេចង់ជួប។ ខ្ញុំមិនដឹងថាតើពួកគេត្រៀមខ្លួនរួចជាស្រេចហើយឬនៅនោះទេ។ ពួកគេចង់ជួប ខ្ញុំនឹងជួប។ ពេលណាក៏បានតាមពួកគេចង់បាន។ ល្អសម្រាប់ប្រទេស ល្អសម្រាប់ពួកគេ ល្អសម្រាប់យើងនិងល្អសម្រាប់ពិភពលោក”។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសេតវិមាននិងរដ្ឋបាលបានប្រញាប់ប្រញាល់ដាក់ការបំភ្លឺលើការអញ្ជើញនេះដែលហាក់ដូចជាបើកចំហរបស់លោកប្រធានាធិបតី។
រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានផ្តល់ការបកស្រាយផ្ទាល់ខ្លួនរបស់គាត់អំពីសំណើ “គ្មានលក្ខខណ្ឌជាមុន” ដោយកំណត់បីជំហានដែលអ៊ីរ៉ង់ត្រូវធ្វើមុនការចរចាកើតឡើង។
លោកបាននិយាយថា “លោកប្រធានាធិបតីចង់ជួបជាមួយមនុស្សដើម្បីដោះស្រាយបញ្ហាប្រសិនបើអ៊ីរ៉ង់បង្ហាញការប្តេជ្ញាចិត្តក្នុងការរផ្លាស់ប្តូរជាមូលដ្ឋាននៃរបៀបដែលពួកគេប្រព្រឹត្តចំពោះប្រជាពលរដ្ឋរបស់ខ្លួន កាត់បន្ថយឥរិយាបថបំពានរបស់ពួកគេនិងអាចយល់ស្របថាវាមានប្រយោជន៍ចំពោះការចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទប់ស្កាត់ការរីកសាយ។ បន្ទាប់មកលោកប្រធានាធិបតីនិយាយថាលោកបានត្រៀមខ្លួនអង្គុយចុះហើយសន្ទនាជាមួយគាត់”។
ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Garrett Marquis បាននិយាយថា លោក Trump បើកចំហចំពោះការសន្ទនាហើយថែមទាំងបញ្ចប់ការស្អប់ខ្ពើមដ៏ជូរចត់រវាងប្រទេសទាំងពីរអស់រយៈពេលបួនទស្សវត្សផងដែរប៉ុន្តែលុះត្រាតែអ៊ីរ៉ង់ធ្វើការផ្លាស់ប្តូរជាមូលដ្ឋាន។
គួរបញ្ជាក់ថា សំណើរបស់លោក Trump បានកើតឡើងបន្ទាប់ពីការព្រមានបង្កហេតុកាលពីមួយសប្តាហ៍មុនពីប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ដែលបាននិយាយថា សហរដ្ឋអាមេរិកមិនគួរ “លេងជាមួយកន្ទុយតោ” ទេហើយបានព្រមានថា ជម្លោះណាមួយជាមួយអ៊ីរ៉ង់នឹងក្លាយជា “ម៉ែសង្គ្រាម”។
លោក Trump ក៏បានឆ្លើយតបវិញថា “កុំគំរាមកំហែងសហរដ្ឋអាមេរិកម្ដងទៀតឲ្យសោះបើមិនដូច្នេះទេអ្នកនឹងទទួលរងផលវិបាកដូចដែលមនុស្សមួយចំនួនធ្លាប់បានទទួលរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រ”៕ AFP
Source: Kampuchea Thmey Daily
0 Comments