Ad Code

ក្រសួង​វប្បធម៌​ជំរុញ​ឲ្យ​ផលិតករ​ភាពយន្ត​បរទេស​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ



ភ្នំពេញ​ ​៖​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ជំរុញ​ឲ្យ​ផលិតករ​ភាពយន្ត​បរទេស​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រាក់ចំណូល​សេដ្ឋកិច្ចជាតិ​ និង​បង្ហាញ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ​។

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល ចង់ឱ្យ​កម្ពុជា​ក្លាយជា​ដែនដី​ថត​ភាពយន្ត​បរទេស តាមរយៈ​ជំរុញ​ការ​ថត​ភាពយន្ត​ក្នុងស្រុក និង​ទាក់ទាញ​ផលិតករ​បរទេស​ឱ្យមក​ថត​ភាពយន្ត​នៅ​កម្ពុជា ​ខណៈ​ការផលិត​ក្នុងស្រុក​យ៉ាងហោចណាស់​បានតែ​ជាង​២០​រឿង ក្នុង​មួយឆ្នាំៗ ហើយ​ការ​នាំចូល​ភាពយន្ត​បរទេស​មាន​រហូតដល់​ទៅ​ជាង​២០០​រឿង។

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ស្តីពី​ការសម្រួល​ការផលិត​ស្នាដៃ​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​លោកស្រី​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ​« នៅពេល​កម្ពុជា​ទទួលបាន​ការ​មក​ថត​ភាពយន្ត​ពី​បរទេស​កាន់តែច្រើន វា​នឹង​ជំរុញ​ដល់​ចំណូល​សេដ្ឋកិច្ចជាតិ ភាព​ល្បី​រន្ទឺ​ពី​ប្រទេស​កម្ពុជា និង​អាច​ផ្តល់នូវ​ចំណេះដឹង និង​បទពិសោធន៍​ដល់​ផលិតករ​ក្នុងស្រុក​ផងដែរ​»​។

លោកស្រី​បានស្នើ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន ធ្វើការ​សហការគ្នា ក្នុងការ​គ្រប់គ្រង​ការថត​ភាពយន្ត​របស់​ជនបរទេស​នៅលើ​ទឹក​កម្ពុជា ដើម្បី​ចៀសវាង​ការបាត់បង់​ផលប្រយោជន៍​ជាតិ ដោយសារ​ឧបសគ្គ​មិនបាន​ថត ឬ​ការថត​ភាពយន្ត​ណា ដែល​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍ និង​កិត្តិយស​ជាតិ នៅពេល​ត្រូវបាន​ផ្សព្វផ្សាយ​។​

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បានឱ្យដឹងថា សេវាសាធារណៈ​សម្រាប់​វិស័យ​ភាពយន្ត​មាន​រហូតដល់​៦៨​ទម្រង់​ជាអាទិ៍​៖ ការផ្តល់​អាជ្ញា​បណ្ណ​ផលិត​ភាពយន្ត ការសុំ​អនុញ្ញាត​នាំចូល​ភាពយន្ត ការចុះបញ្ជី​បើក​អា​ជីក​ម្ម​ផលិតភាព​យន្ត សេវា​ពិនិត្យ អត្ថបទ​ភាពយន្ត ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​ថត​ភាពយន្ត ជាដើម​។ ផលិតកម្ម​អន្តរជាតិ ដែល​បានមក​សុំច្បាប់ និង​ទិដ្ឋាការ​ថត​ភាពយន្ត​នៅ​កម្ពុជា​មានដូចជា ភាពយន្ត​ខ្នាត​វែង ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ឯកសារ ជាដើម​។​
​យោងតាម​របាយការណ៍​ពី​នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា បានឱ្យដឹងថា ផលិតករ​ភាពយន្ត ផលិតករ​ឯកសារ និង​ផលិតករ​ទូរទស្សន៍​ប​រទេស ដែល​មក​ថត​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ ការថត​ភាពយន្ត​បរទេស​នៅ​កម្ពុជា ក្នុង​មួយ​រឿង មានតម្លៃ​ចាប់ពី​២៥​ម៉ឺន​ដុល្លារ រហូតដល់​ជាង​៣០​លាន​ដុល្លារ ដូចជា រឿង​«​មុនដំបូង​ខ្មែរក្រហម​សំលាប់​ឪពុក​ខ្ញុំ​»៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu