Ad Code

អ្នក​ឡើង​ភ្នំ​ជាង​៥០០​នាក់​ត្រូវ​ជម្លៀស​ចេញពី​ភ្នំភ្លើង​ឥណ្ឌូនេស៊ី



ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង​៥០០​នាក់​និង​អ្នក​នាំ​ផ្លូវ​របស់​ពួកគេ ​ត្រូវបាន​ជម្លៀសចេញ​ប្រកបដោយ​ជោគជ័យ​ពី​ភ្នំភ្លើង​ឥណ្ឌូនេស៊ី ​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​សាហាវ​មួយ​ បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ជាប់គាំង​នៅលើ​ភ្នំ​។​

ភក់​និង​ថ្ម​រាប់​តោន​បាន​ធ្លាក់ចុះ​ពី​ភ្នំ Rinjani នៅក្នុង​ការរញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​រដែ​ល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​និង​ត្រូវបាន​បន្ត​ដោយ​ការរញ្ជួយ​ជាច្រើនលើក​ដែលជា​ហេតុ​បិទផ្លូវ​ឡើង​ភ្នំ​។​

យោងតាម​មន្ត្រី​ស្វែងរក​និង​ជួយសង្គ្រោះ​បាន​ឲ្យ​ដឹងថា អ្នក​ឡើង​ភ្នំ​ដែល​ជាប់គាំង​ចំនួន​៥៦០​នាក់​ត្រូវបាន​គេ​គិតថា​បានរួម​បញ្ចូល​ជាមួយ​ពលរដ្ឋ​មកពី​សហរដ្ឋអាមេរិក បារាំង ហូ​ឡង់ ថៃ​និង​អាល្លឺម៉ង់​ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។​

អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក Sutopo Purwo Nugroho បាន​ប្រាប់ AFP ថា “​អ្នក​ឡើង​ភ្នំ​ចំនួន​៥៤៣​នាក់​ត្រូវបាន​ជម្លៀសចេញ​ហើយ​ពួកគេ​បានមក​ដល់​កាលពី​យប់មិញ​។​ពេលនេះ​មាន​មនុស្ស​៦​នាក់​ហើយ​បាន​ចាកចេញ ពួកគេ​មាន​សុខភាព​ល្អ​និង​មាន​សុវត្ថិភាព​”​។​

អ្នក​ឡើង​ភ្នំ​អាច​ចាប់ផ្តើម​ចុះ​ពី​ភ្នំ​មកវិញ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​អ្នក​នាំ​ផ្លូវ​បាន​រកឃើញ​ផ្លូវ​ជំនួស​មួយ​ដែល​មិន​រង​ផលប៉ះពាល់​ដោយ​ការបាក់​ដី​។​

មនុស្ស​យ៉ាងតិច​១៦​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​រញ្ជួយ​ដី​នៅ​ទូទាំង​តំបន់​ដែល​រង​ផលប៉ះពាល់​លើ​កោះ Lombok ខណៈដែល​អគារ​រាប់រយ​ត្រូវបាន​បំផ្លាញ​រួមទាំង​គ្លីនិក​សុខភាព​មួយ​ផងដែរ​។​

ការរញ្ជួយ​ដី​នេះ​បាន​បង្ក​ភាពភ័យខ្លាច​នៅលើ​កោះ​លំហែកាយ​មួយ​នេះហើយ​បាន​ជំរុញ​ឲ្យ​អ្នកស្រុក​និង​ភ្ញៀវទេសចរ​រត់ចេញ​ក្រៅ​ផ្ទះ​និង​សណ្ឋាគារ​របស់​ពួកគេ​។​

ឧទ្ធម្ភាគចក្រ​និង​ក្រុម​ស្វែងរក​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​រុករក​លើ​ជម្រាល​ភ្នំភ្លើង​ហើយ​ទម្លាក់​ស្បៀងអាហារ​សម្រាប់​អ្នក​ដែល​នៅជាប់​លើ​ភ្នំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu