ភ្នំពេញ ៖ យុវជនម្នាក់ ជាបុគ្គលិកធ្វើការនៅហាងខារ៉ាអូខេអសស្ដារ ពេលចប់ម៉ោងការងារជិះម៉ូតូចេញពីធ្វើការទៅលេងមិត្តភ័ក្តិ និង សង្សារ លុះជិះជិតដល់ផ្ទះមិត្តភក្ដិហើយនោះ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិចយកទៅបាត់ កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២០០៤ស្ថិតនៅភូមិគោកចំបក់សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សួន សាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ អលស្តារស្នាក់នៅភូមិកន្លែងធ្វើការភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី ឃុំ កុមាររាជាស្រុកបាទីខេត្តតាកែវ ម៉ូតូដែលជនសង្ស័យ ប្លន់យកម៉ាក ស៊ុយហ្សុយគីនិច ពណ៌ស ស៊េរី២០១៤មិនចាំស្លាកលេខ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពេលចប់ម៉ោងការងាររូបគាត់បានចេញមកពី កន្លែងធ្វើការនៅខារ៉ាអូខេខាងលើ ហើយបានជិះម៉ូតូទៅលេងមិត្តភ័ក្តិនិងសង្សារនៅខារ៉ាអូខេBMB ជិតកន្លែងកើតហេតុ។ លុះជិះម៉ូតូមកដល់ ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យប្រមាណជិត១០នាក់ ដោយមានម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿងនិងម៉ូតូ២គ្រឿងទៀត មិនចាំម៉ាក ដោយជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងគ្នា២នាក់ ជិះមកកាក់ពីមុខ ហើយជនសង្ស័យដែលជិះពីក្រោយ បានស្រែកថា ម៉េចបានហែងវាយប្អូនអញ ថាប៉ុណ្ណឹងវាដកយកខ្សែក្រវាត់មកវាយរូបគាត់បណ្តាលឲ្យរងរបួសស្នាមខ្នង។ បន្ទាប់មកជនរងគ្រោះបានចុះពីលើម៉ូតូហើយរត់ចោលម៉ូតូ ភ្លាមៗនោះជនសង្ស័យដែលជិះម៉ូតូផ្សេងទៀត បានលើកយកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីឲ្យជួយស៊ើបអង្កេតតាមរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់សង្ឃឹមថាមិនយូរប៉ុន្មានក្រុមនេះ នឹងអាចអស់លក្ខណ៍ដូចក្រុមមុនៗដែរ៕
Source: Kampuchea Thmey Daily
0 Comments