Ad Code

៦​ខែ​ឆ្នាំ​២០១៨​នេះ​ មាន​ករណី​ជំងឺគ្រុនឈាម​ជាង​៥​ពាន់​ករណី​កើន​ជាង​៧៧​ភាគរយ



ភ្នំពេញ ​៖ ​នៅក្នុង​រយៈពេល​៦​ខែ ​ឆ្នាំ​២០១៨​នេះ​ មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​៥២៨៤​ករណី​កើនឡើង​៧៧​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។

​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​៥២៨៤​ករណី​ស្មើនឹង​អត្រា​អាំ​ស៊ី​ដង់​ចំនួន​៣១,៧​ភាគរយ​ក្នុងចំណោម​១០០​ពាន់​នាក់​។

ក្នុង​នោះ​មាន​៨០​ភាគរយ​នៃ​ចំនួន​ករណី​សរុប​មាននៅ​រាជធានី​ភ្នំពេញ កណ្តាល កំពង់ចាម សៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រះវិហារ ក្រចេះ​និង​កំពង់ស្ពឺ​។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំនួន​ករណី​៥២៨៤​នេះ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ឃើញថា​ មានការ​កើនឡើង​ចំនួន​ចំនួន​៣៧០៤​ករណី​ខណៈ​ដែល​៦​ខែ​ ឆ្នាំ​២០១៧ ​មាន​ករណី​គ្រុនឈាម​ចំនួន​តែ​១៥៨០​ករណី​។

ចំណែក​ករណី​ស្លាប់​វិញ​នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ ​ក្នុងចំណោម​៥២៨៤​ករណី​មាន​ករណី​ស្លាប់​ចំនួន​១០​ករណី ស្មើនឹង​អត្រា​ស្លាប់​០,២​ភាគរយ​ខណៈ​៦​ខែ​ឆ្នាំ​២០១៧​កន្លងទៅ​មាន​ចំនួន​ស្លាប់​តែ​១​ករណី​ប៉ុណ្ណោះ​ក្នុងចំណោម​១៥៨០​ករណី​ដែលមាន​អត្រា​ស្លាប់​០,០៦​ភាគរយ​។

លោក​វេជ្ជបណ្ឌិត​ហ៊ុយ ​រ៉េ​កុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​បាណក​សាស្ត្រ​បាន​មានប្រសាសន៍ ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​ពោលគឺ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​បរិស្ថាន​ស្អាត​អនាម័យ​ល្អ​នៅ​ជុំវិញ​លំនៅឋាន​។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះ​បាន​បន្ត​ថា ​«​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ​ខ្ញុំ​សូម​សំណូមពរ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការ​លុបបំបាត់​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ ដែល​បង្កឡើង​ដោយ​ភ្នាក់​ងារ​ចំលង​មូស​ខ្លា​ហើយ​មូស​ខ្លា​នេះ​កើតឡើង​តាមរយៈ​ការ​ទឹក​ដក់​ទឹកថ្លា​មិនមាន​ក្លិនស្អុយ​នៅតាម​ពាង​ហាង​ទឹក​»​។

លោក​វេជ្ជបណ្ឌិត​អ៊ុយ ​រ៉េ​កុល​ បាន​បញ្ជាក់​បន្ថែម​ថា ​«​ការងារ​កំចាត់​ភ្ងា​ក់​ងារ​ចម្លងជំងឺ​គ្រុនឈាម​នេះ​វា​មិនមែនជា​ភារកិច្ច​របស់​ក្រសួងសុខាភិបាល​តែម្នាក់ឯង​នោះទេ​។

ក្រសួងសុខាភិបាល​មាន​តួនាទី​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ ​តែ​អ្នកអនុវត្ត​ផ្ទាល់​គឺ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​លំនៅឋាន​នីមួយៗ​ជា​អ្នកទទួលខុសត្រូវ​ក្នុងនោះ​ត្រូវ​លុបបំបាត់​កុំ​ឲ្យ​មាន​ដង្កូវទឹក​នៅក្នុង​អាង​ទឹក​ ពាងទឹក ​ត្រូវ​លាង​អាង​និង​ពាងទឹក​ឲ្យ​បាន​១​សប្តាហ៍​២​ដង​ក្នុង​១​សប្តាហ៍​និង​លុបបំបាត់​ ឬ​ ដុត​កម្ទេចចោល​នូវ​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ពោលគឺ​ធ្វើយ៉ាងណា​ត្រូវ​សំអាត​នៅក្នុង​ទីធ្លា​លំនៅឋាន​របស់​បងប្អូន​ឲ្យ​បាន​ស្អាត​ កុំ​ឲ្យ​មាន​មូស​»។

លោក​បាន​បញ្ជាក់​បន្ថែ​ម​ថា ​ថ្នាំ​អា​បែ​ត​សម្លាប់​ដង្កូវទឹក​ដាក់​តែ​ក្នុង​ពាង​ ឬ ​អាងទឹក​ប្រើប្រាស់​ប៉ុណ្ណោះ តែ​រាល់​សម្ភារៈ​មិន​ប្រើប្រាស់​ពិសេស​សំបក​កង់​រថយន្ត ម៉ូតូ កង់ កំប៉ុង ថូផ្កា សំបក​ដប ជាដើម គឺ​មិន​មានការ​អនុញ្ញាត​ឲ្យ​ដាក់​ថ្នាំ​អា​បែ​ត​សម្លាប់​ដង្កូវ​ទឹក​នោះ​ទេ​ ព្រោះ​វត្ថុ​ទាំងនោះ​ជា​សម្ភារៈ​បោះចោល ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ចូលរួម​ដាច់ខាត​កំចាត់​ប្រភព​ទាំងនោះ បើ​មិន​ដូច្នេះ​ទេ​គឺ មិនអាច​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​បានទេ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំណែក​សេរ៉ូម ថ្នាំ​អា​បែ​ត និង​ថ្នាំ​បាញ់​យើង​បាន​ត្រៀម​គ្រប់គ្រាន់ និង​បែងចែក​រួចជាស្រេច​ទៅតាម​រាជធានី ខេត្ត​ពិសេស​ខេត្ត​ដែល​មាន​ការ​ប្រឈម​នឹង​ជំងឺគ្រុនឈាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu