Ad Code

កាកបាទក្រហមកម្ពុជា​ ចែក​អំណោយ​ជូន​ពលរដ្ឋ​៦៧​គ្រួសារ​ រងគ្រោះ​ដោយ​ទឹក​ជំនន់​ទន្លេមេគង្គ



ស្ទឹងត្រែង ៖ ដោយ​មើលឃើញ​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​ កាកបាទក្រហម​កម្ពុជា​ បាន​យក​អំណោយ​មនុស្សធម៌​ ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន ៦៧​គ្រួសារ នៅ​ក្រុង​ស្ទឹងត្រែង កាល​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។

កាកបាទក្រហមកម្ពុជា​ដឹក​ដោយ លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា និង​លោក​ឈាង ឡាក់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បាន​ចុះ​ចែកជូន​អំណោយ​មនុស្ស​ធ​ម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦៧ គ្រួសារ ដែល​កំពុង​ជម្លៀស​ខ្លួន​មកកាន់​ទីទួល​សុ​វត្ថិភាព ស្ថិតនៅ​សង្កាត់​សាមគ្គី និង​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

លោក​ឈាង ឡាក់ ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួលបាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ និង​ឃី​ដ ១​កញ្ចប់ អំណោយ​ទាំងនេះ​គឺជា​អំណោយ​សប្បុរស​ធ​ម៌របស់​កាកបាទក្រហម​កម្ពុជា និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៦៧ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋ​មកពី​សង្កាត់​សាមគ្គី ៣៧​គ្រួសារ និង​សង្កាត់​ស្រះ​ឫស្សី ចំនួន ៣០ គ្រួសារ។

លោក​បន្ថែម​ថា ​អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​នេះ គឺ​អាច​កាត់បន្ថយ​បាន​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត និង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​រង​ទុក​លំបាក​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​នោះឡើយ​។



លោក​បញ្ជាក់​ថា​ គ្រួសារ​ដែល​ទទួលបាន​អំណោយ​ទាំងនេះ ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ ហើយ​បន្ទាប់ពី​ទទួលបាន​របាយការណ៍​អំពី​ប្រជាពលរដ្ឋ​រងគ្រោះ​ព្រោះ​ទឹកជំនន់ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានផ្តល់​របាយការណ៍​នេះ​ទៅកាន់​កាកបាទក្រហមកម្ពុជា ហើយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បាន​ចាត់​ឲ្យ លោក អ៊ុយ សំអាត នាំ​យក​អំណោយ​មក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៦៧​គ្រួសារ​នេះ​តែម្តង​។

លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែ​ង ដោយ​មិនមាន​ការប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ អ្វី​ឡើយ ហើយ​សម្តេច​តែងតែ​គិតគូរ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ ឲ្យ​បាន​ទាន់ពេលវេលា។

លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ថែរក្សា​សុខភាព រស់​នៅ​មាន​អនាម័យ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ គេង​ក្នុង​ម៉ុង ពិសេស​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ដែល​ងាយ​និង​បង្ក​ជា​មេរោគ​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​រស់នៅ​ប្រកបដោយ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​ក្នុងការ​ធ្វើដំណើរ ព្រោះ​ក្នុងពេល​ទឹកជំនន់​អាច​និង​មាន​សត្វ​អាសិរពិស​ចេញ​មក​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង។

សូម​បញ្ជាក់​ផង​ដែរ​ថា ពេលនេះ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​បាន​នឹងកំពុង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​ប្រមាណ​២៧៧​គ្រួសារ ស្មើនឹង​១១៨៨​នាក់ ដែល​និង​ត្រូវ​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទៅកាន់​ទីទួល​សុ​វត្ថិភាព​ជា​បន្តទៀត ដើម្បី​សុ​វត្ថិភាព​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu