ភ្នំពេញ ៖ លោក រដ្ឋមន្ត្រី វេង សាខុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ច ប្រជុំ បន្ទាន់ ពិនិត្យបូកសរុប ពី ផលប៉ះពាល់ ពីគ្រោះធម្មជាតិ ដាក់ជូនសម្តេចតេជោ ស្នើសុំវិធានការដោះស្រាយជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេលវេលា។
ក្រសួងបានឲ្យដឹងថា ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែស្រាពរណ៍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក រដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងបន្ទាន់មួយក្នុងគោលបំណងសំខាន់ទី១-បូកសរុបផលប៉ះពាល់លើដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ពិសេសដំណាំ ស្រូវ និងសត្វពាហនៈដែលត្រូវបានទទួលរងការខូចខាតដោយគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ ទី២-រៀបចំផែនការសកម្មភាពចុះអន្តរាគមន៍ជាបន្ទាន់តាមការចាំបាច់ ដើម្បីធ្វើការស្តារឡើងវិញនៃការខូចខាត ទី៣-សិក្សាពីតម្រូវការ ចំបាច់របស់ប្រជាកសិករ និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រសួងដូចជាស្រូវពូជ គ្រាប់ពូជដំណាំគ្រប់ប្រភេទ និងថ្នាំការពារជំងឺឆ្លងសត្វ និងទី៥- ការដាក់ចេញនូវវិធានការមួយចំនួនដែលត្រូវធ្វើ ដោយកាត់បន្ថយឲ្យបានជាអតិបរមាក្នុងការអង្គុយបក់ផ្សែង។
នៅក្នុងកិច្ចប្រជុំនោះលោក រដ្ឋមន្ត្រីបានឲ្យអគ្គលេខាធិការក្រសួង ត្រូវធ្វើការបូកសរុបរបាយការណ៍ជាបន្ទាន់ ដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជ្រាបដ៏ខ្ពង់ខ្ពស់ដើម្បីពិនិត្យ រួចស្នើសុំវិធានការដោះស្រាយបញ្ហាជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេលវេលា ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចប្រជុំនេះមានការចូលរួមពីលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធានមន្ទីរនៃខេត្តដែលទទួលរងផលប៉ះពាល់ទាំង១៦ខេត្ត លោកប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments