ស្ទឹងត្រែង ៖ ដោយសារតែទឹកទន្លេមេគង្គនៅតែបន្តឡើងជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្តស្ទឹងត្រែងលោកម៉ុមសារឿន រួមទាំងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនទៀត បានដឹកនាំកម្លាំងសមត្ថកិច្ចប្រមាណជាង២០០នាក់ ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ។
ក្រោយក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង នឹងអាចហក់ឡើងបន្តទៀត រហូតដល់ ១១ម៉ែត្រ៤០ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ លើសកម្រិតប្រកាសអាសន្នត្រឹម១០ម៉ែត្រ៧០។
បន្ទាប់ពីក្រសួងធនធានទឹក បានជូនដំណឹង អភិបាលខេត្តស្ទឹងត្រែងលោកម៉ុម សារឿន នាថ្ងៃទី០១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងជាលើកទី៣ ឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងទន្លេសេកុង លើសកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ និងបានដឹកនាំកម្លាំងសមត្ថកិច្ច ទាំង៣ប្រភេទ ត្រៀមជួយសង្គ្រោះដល់ពលរដ្ឋដែលអាចរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ ឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តបានបន្តថា ប្រជាពលរដ្ឋយើងត្រូវប្រុងប្រយ័ត្នរៀងៗខ្លួន ព្រោះអាជ្ញាធរបានធ្វើសេចក្តីប្រកាសរួចមកហើយ ឱ្យអាជ្ញាធរភូមិឃុំនីមួយៗ ប្រកាសឱ្យប្រជាពលរដ្ឋរបស់ខ្លួន មើលថែកូនចៅ- បរិភោគទឹកស្អាត - ចំណីអាហារមានអនាម័យ -និងប្រុងប្រយ័ត្នចំពោះសត្វមានពិស ទិចឬខាំ ដែលអាចបង្កគ្រោះដល់អាយុជីវិតផងដែរ។
លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែសីហា នេះថា ទឹកទន្លេមេគង្គបានហក់ឡើង១០,៩៣លើសកម្រិតប្រកាសអាសន្នត្រឹម១០,៧០ ហើយដោយសារសន្ទុះទឹកនៅតែបន្តឡើងជាបន្តបន្ទាប់នោះ ក្រសួងធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន៣គ្រឿង មកកាន់ខេត្តស្ទឹងត្រែង កាលពីថ្ងៃ៣១ កក្កដា ដើម្បីបូមទឹកចេញពីទំនប់ក្នុងក្រុងស្ទឹងត្រែង ដែលមានទំនប់ទ្វារទឹកចំនួន៤កន្លែងបិទការពារកុំអោយទឹកទន្លេហូរចូល។
ស្របពេលទន្លេមេគង្គនៅតែបន្តឡើងរហូត មានឃុំចំនួន២ នៃស្រុកថាឡាបរិវ៉ាត់ ជាប់ដងទន្លេ មេគង្គ ក្បែរព្រំដែនឡាវ បានហូរចូលភូមិករ របស់ប្រជាពលរដ្ឋ គឺនៅក្នុងឃុំអូរស្វាយ និងឃុំព្រះរំកិល រីឯនៅក្នុងស្រុកសៀមបូក ដែលជាស្រុកមួយជាប់នឹងទន្លេមេគង្គដូចគ្នា លោក ថោង ស្រាន់ អភិបាល ស្រុក សៀមបូកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែសីហានេះ ឃុំ ចំនួន៣ រងផលប៉ះពាល់ធ្ងន់មានឃុំអូរម្រះ ឃុំ ស្រែក្រសាំង និងឃុំកោះសំពាយនិងឃុំ៤រងផលប៉ះពាលតិចតួចហើយ ក្នុងចំណោមទាំង៧ឃុំ ត្រូវបានកម្លាំងអាជ្ញាធរស្រុកត្រៀម កម្លាំងដើម្បីសង្គ្រោះប្រជាពលរដ្ឋជាប់ជាប្រចាំ។
រីឯក្រុងស្ទឹងត្រែងមានសង្កាត់ចំនួន៤សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី សង្កាត់សាមគ្គី និងសង្កាត់ស្ទឹងត្រែងក៏មានការគំរាមកំហែងពីទឹកជំនន់ទន្លេមេគង្គនេះផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបានឡើងដល់១០,៩៣លសកម្រិតប្រកាសអាសន្នត្រឹម១០,៧០ម៉ែត្រ ហើយសមត្ថកិច្ចគ្រប់ស្ថាប័នប្រមាណជាង២០០នាក់កំពុងត្រៀមសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments